ទៅលេងឯណាអីចេះ ចុងសប្ដាហ៍នេះ
ជិតដល់ឱកាសបុណ្យអ៊ុំទូកហើយ អីចឹងភ្នំពេញដឹងតែមិនខ្វះអ្វីលេងនោះទេ
ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គឺជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែកប្រទីព និងសំពះព្រះខែ ដែលមានរយៈពេលដល់ទៅ ៣ ថ្ងៃជាប់គ្នា។ ជាមួយនឹងកម្មវិធីដែលធ្លាប់មានប្រចាំឆ្នាំ គឺការប្រណាំងទូកងរ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនកន្លែងនៅទីក្រុង។
ក្នុងរដូវកាលខែកក្ដិកនេះ ខ្យល់បានធ្លាក់មកពីទិសខាងជើង ធ្វើឲ្យទឹកទន្លេសាបផ្លាស់ប្ដូរទិសដៅនៃទឹកហូរ ទៅកាន់ភ្ជាប់ទន្លេមេគង្គ។ ប៉ុន្តែនៅពេលដែលទឹកភ្លៀងធ្លាក់មកច្រើន ទិសដៅនៃទឹកហូររបស់ទន្លេសាប នឹងផ្លាស់ប្ដូរចរន្តទឹកហូរវិញ។ នេះគឺជាទន្លេតែមួយគត់លើពិភពលោក ដែលអាចផ្លាស់ប្ដូរទឹកហូរបានដូច្នេះ។
ដូច្នេះពិធីបុណ្យនេះ មិនត្រឹមតែជាពិធីបុណ្យជាតិប្រពៃណីតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរនៃចុងបញ្ចប់របស់រដូវភ្លៀង។ នៅទីក្រុងភ្នំពេញ កន្លែងដែលទន្លេទាំងពីរបានជួបគ្នា ជាទីតាំងដែលធម្មជាតិបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួនដែលអ្នកមិននឹកស្មានដល់។
ប្រជាជនជាច្រើនទូទាំងប្រទេស ត្រៀមខ្លួនមកកាន់ទីក្រុងដើម្បីទស្សនាការប្រណាំងទូកនិងបណ្ដែតប្រទីព ក៏ដូចជាទស្សនាភ្លើងពណ៌ក្នុងទីក្រុងការប្រគំតន្ដ្រីជាច្រើនកន្លែងនិងការបាញ់កាំជ្រួចផងដែរ។ ចំណែកអ្នកខ្លះដែលមិនចូលចិត្តមនុស្សច្រើនកុះកុញ ពួកគេនឹងត្រៀមដំណើរកម្សាន្តទៅកាន់កន្លែងស្ងប់ស្ងាត់ផ្សេងៗ នៅតាមខេត្តចេញពីរាជធានី។
អ្វីដែលគួរឲ្យកត់សម្គា់នោះគឺ ចុងសប្ដាហ៍នេះក៏មានព្រឹត្តិការណ៍នយោបាយសំខាន់មួយ បានកើតឡើងនៅទីក្រុងផងដែឬ ដោយអ្នកដឹកនាំគណបក្សប្រឆាំងលោក សម រង្សី ប្រកាសខ្លួនចង់ត្រលប់មកកាន់ប្រទេសកម្ពុជា។ ហេតុដូច្នេះហើយទើបមានអ្នកទីក្រុងជាច្រើន សម្រេចចិត្តមិនចេញទៅដើរលេងខាងក្រៅ ជៀសវាងក្រែងល៎មាន បញ្ហាអ្វីកើតឡើងមិនប្រក្រតី។
ដូច្នេះហើយ ទើបថ្ងៃសុក្រនិងថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មិនសូវជាមានអ្វីកើតឡើងច្រើនប៉ុន្មានទេ នៅក្នុងក្រុង ប៉ុន្តែមានច្រើនចាប់ពីថ្ងៃ អាទិត្យ ច័ន្ទ អង្គារ ជំនួសវិញ។ តោះអីចឹងចាប់ផ្ដើម។
ថ្ងៃសុក្រ
មានអ្វីលើឆាកសម្ដែង?
នៅ Cloud សម្រាប់រាត្រីថ្ងៃសុក្រនេះ នឹងមានកម្មវិធីច្រៀងខារ៉ាអូខេ ត្រលប់មកវិញបន្ទាប់ពីខានបានធ្វើអស់រយៈពេលជាយូរ។ ក្នុងរាត្រីនោះដែរ នឹងមានដាក់លក់ស្រា Punch និងស្រាលាយក្នុងតម្លៃតែ ២ដុល្លារក្នុងមួយកែវ។ តោះអីចឹងទៅច្រៀងលេងទាំងអស់គ្នា ចាប់ពីម៉ោង ៨ដល់១១យប់ នៅ Cloud ផ្លូវលេខ ៩។
ភ្នំពេញតែងតែមានក្រុមមួយដែលរៀបចំកម្មវិធីនិយាយរឿងកំប្លែងបែបបរទេស គឺក្រុម Comedy in Cambodia។ សម្រាប់រាត្រីថ្ងៃសុក្រនេះ នៅ Riel Brewing នឹងមានកម្មវិធីមួយហៅថា “Laughter on Tap” ដែលនឹងមានអ្នកនិយាយរឿងកំប្លែង ៣ ទៅ ៤នាក់ អមទៅដោយស្រាបិទថ្មីៗ រសជាតិឆ្ងាញ់មិនធម្មតា។ ចំពោះតម្លៃចូលរួមគឺមិនគិតថ្លៃនោះទេ ត្រៀមតែប្រាក់សម្រាប់ទិញស្រាញ៉ាំទៅគឺបានហើយ។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ Riel Brewing ផ្លូវលេខ ៤៦៤។
មានជម្រើសពីរ សម្រាប់បណ្ដារអ្នកដែលចង់តែអង្គុយនៅមួយកន្លែងស្ដាប់ចម្រៀងកំដរអារម្មណ៍។ ធ្វើការអស់កម្លាំងពេញមួយអាទិត្យហើយ អីចឹងកម្សាន្តចិត្តខ្លះទៅ។
Kristen និង Pavel នឹងសម្ដែងនៅ Farm to Table សម្រាប់តន្ដ្រីបែបធ្វើឲ្យអ្នកសម្រួលអារម្មណ៍។ តន្ដ្រីករមួយគូរនេះ នឹងច្រៀងចម្រៀងបែប Gospel-Rhythm និង Blues ពោលគឺចង្វាក់បែប សេដ សេដហ្នឹងហ្ម៎ង។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះនៅ Farm to Table ផ្លូវលេខ ៣៦០។
Alchemy នឹងមានការសម្ដែងពីក្រុមចម្រៀងបែប Cover គឺ Antonio and the Experiments។ បើចង់ដឹងថា ពួកគេនឹងច្រៀង Cover បែបណាអាចឈ្លបមកមើលលេងទាំងអស់គ្នា ប៉ុន្តែធានាថាបទដែលពួកគេជ្រើសយកមកសម្ដែង លោកអ្នកប្រាកដជាដឹងនិងចាប់អារម្មណ៍។ ចាប់ពីម៉ោង ៨ដល់១១យប់ នៅ Alchemy ផ្លូវលេខ ១២៣។
ក្រុមចម្រៀងបែប ហាដរ៉ុក GC Riders ធ្លាប់សម្ដែងនៅកម្ពុជាម្ដងរួចទៅហើយ។ ធ្វើដំណើរតាំងពីប្រទេសផ្សេង ស្ទើរតែមួយចំហៀងទៀតនៃពិភពលោក ក្រុមចម្រៀងសមាជិក ៥រូបនេះ បានជួបបង្កើតជាក្រុមរួមគ្នា ដោយសារស្រលាញ់ពេញចិត្តនឹងតន្ដ្រីប្រភេទនេះក៏ដូចជាចូលចិត្តក្រុមចម្រៀងល្បីៗលំដាប់ ពិភពលោកដូចជា AC/DC, Metallica និង Judas Priest ជាដើម។ បន្ទាប់ពីបានជួបគ្នានៅប្រទេសវៀតណាម ពេលនេះពួកគេបានរួបរួមគ្នាម្ដងទៀតហើយ ដែលនឹងនាំយកនូវការសម្ដែងនៅ Duplex យប់នេះ។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Duplex Taverne ផ្លូវលេខ ២៧៨។
មានអ្វីទៀត?
មានជម្រើសពីរសម្រាប់អ្នកចង់រៀនរាំចង្វាក់រាំបែប ឡាតាំង រាត្រីនេះ។ នៅ Hey Hey ម្ដុំទួលទំពូង នឹងមានអ្នកបង្រៀនរាំ Lisbet Francis បង្ហាត់បង្រៀនអ្នកពីក្បាច់រាំឡាតាំងផ្សេងៗ។ ការហាត់រាំនេះគឺកំណត់ឲ្យចូលរួមតែ ៦នាក់តែប៉ុណ្ណោះ អីចឹងបើចង់ចូលរួមត្រូវតែកក់ទុកជាមុន។ តម្លៃសំបុត្រចូលរួមគឺមានតម្លៃ តែ ១០ដុល្លារ បន្ថែមជូននូវទឹកក្រូចឬស្រាបៀរមួយកែវ។ ចាប់ពីម៉ោង ៨កន្លះដល់ ៩កន្លះនៅ Hey Hey ផ្លូវលេខ ១៥៥។
ប្រសិនជាកន្លែងទាំង ៦ខាងលើ អ្នកសុទ្ធតែធ្លាប់ទៅទាំងអស់ហើយនោះ អីចឹងសាកទៅកាន់ KWest Restaurant ម្ដុំមាត់ទន្លេម្ដងមើល៍។ នៅទីនោះដែរនឹងមានតន្ដ្រីលេងកំដរបែប Tango បន្ថែមនឹងការបង្រៀនរាំក្បាច់រាំប្រភេទនេះទៀតផងនៅម៉ោង ៨កន្លះយប់។ តម្លៃចូលរួមកម្មវិធីនេះគឺមិនគិតថ្លៃនោះទេ ប៉ុន្តែយកល្អគួរតែកក់កន្លែងទុកឲ្យហើយ។ ចាប់ពីម៉ោង ៧កន្លះដល់ ១១យប់នៅ KWest Restaurant ផែស៊ីសុវត្ថិ។
មានអ្វីដាក់បញ្ចាំង?
សម្រាប់អបអរព្រះរាជពិធីបុណ្យអ៊ុំទូក Meta House នឹងមានដាក់បញ្ចាំងរឿង A River Changes Cours ជាភាពយន្តឯកសារផលិតកាលពីឆ្នាំ ២០១៣ ដែលនិយាយអំពីល្បឿនលៀននៃការអភិវឌ្ឍន៍ផ្សេងៗ ជាច្រើនធ្វើឲ្យបរិស្ថានកម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងច្រើន។ ដឹកនាំរឿងដោយអ្នកដឹកនាំធ្លាប់ឈ្នះពានរង្វាន់អូស្ការ Kalyanee Mam ភាពយន្តនេះក៏ទទួលបានរង្វាន់ធំមួយនៅក្នុងមហោស្រពភាពយន្ត Sundance Film Festival កាលពីឆ្នាំ ២០១៣ ផងដែរ។ ចាប់ពីម៉ោង ៨យប់ទៅ នៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីនៅយប់ជ្រៅ?
បន្ទាប់ពីទស្សនាភាពយន្តអម្បាញ់នេះហើយនៅ Meta House អ្នកក៏អាចចូលរួមកម្មវិធីជប់លៀងបន្ទាប់ ជាកម្មវិធីរាំកម្សាន្តចង្វាក់អេឡិចត្រូនិច។ DJ ដែលជាភ្ញៀវកិត្តយសគឺ Achaya ដែលធ្លាប់ចាក់ភ្លេងជាមួយ Diplo កាលពីលោកមកសម្ដែងនៅប្រទេសកម្ពុជា ព្រមទាំង Major Lazer និង Bert Bevans ជាដើម។ លោកនឹងចូលរួមចាក់ភ្លេងជាមួយ DJs Marcus ILL, Nick E, Sao Sopheak ប្រចាំ Meta House តែម្ដង។ មិនត្រឹមតែសំបុត្រចូលរួម Free នោះទេ ទីនោះក៏មានដាក់លក់ស្រាបៀរក្នុងតម្លៃតែ ១ដុល្លារក្នុងមួយកែវផងដែរ។ ចាប់ពីម៉ោង ៩យប់ដល់ ៣ ទៀបភ្លឺនៅ Meta House តាមបណ្ដោយផ្លូវ ១៧៨។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
ភាពយន្តចិន The Climbers នឹងចាប់ដាក់បញ្ចាំងថ្ងៃនេះ។ កាលពីឆ្នាំ ១៩៦០ ក្រុមអ្នកឡើងភ្នំបួនរូបនៃ ប្រចាំក្រុមអ្នកកាម៉ង់ដូឡើងភ្នំអេវេរ៉េសប្រទេសចិន បានសាកល្បងលើកទី៥ ដើម្បីឡើងភ្នំដ៏ខ្ពស់ជាងគេនេះ ឲ្យបានសម្រេច បន្ទាប់ពីបរាជ័យដល់ទៅ៤លើក។ ភាពយន្តនេះនិយាយជាភាសាចិន ប៉ុន្តែមាន Subtitles ជាភាសាខ្មែរ។ បញ្ចាំងនៅតាមម៉ោងផ្សេងៗ នៅរោងកុន Legend។
សម្រាប់អ្នកចង់ទស្សនាភាពយន្តនិយាយជាភាសាអង់គ្លេសវិញ គឺទស្សនារឿង The Farewell និយាយពីក្រុមគ្រួសារចិនមួយ ដែលត្រលប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីដឹងថា ជីដូនរបស់ពួកគេកំពុងតែឈឺធ្ងន់។ ប៉ុន្តែពួកគេមិនបានប្រាប់ជីដូនថានាងកំពុងតែឈឺនោះទេ ដោយចង់ចំណាយពេលគ្រួសារចុងក្រោយរបស់ពួកគេឲ្យមានន័យ។ ជាភាសាអង់គ្លេសនិងចិន អមទៅដោយ Subtitles ភាសាអង់គ្លេស។
មានអ្វីទៀត?
នៅ Pushkin Tattoo Art Studio នឹងមានកម្មវិធីជប់លៀងខួបគម្រប់មួយឆ្នាំរបស់ពួកគេ តាំងពីថ្ងៃត្រង់ដល់ពាក់កណ្ដាលអាធ្រាត្រ។ គ្រប់គ្នាដែលមកកាន់ទីនោះនឹងមាន ស្រាស្វាគមន៍ ជាមួយនឹង DJ Dalah, Marie Thach, Jash និង INEE ចាក់ភ្លេងកំដរដូចជាការតាំងពិពរណ៍រូបថតផ្សេងៗ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមនឹងមានឱកាសចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ដូចជា គូប៉ុងសម្រាប់ចាក់សាក់ ក៏ដូចជារបស់របរផ្សេងៗ ទៀតផងដែរ។ ចាប់ពីម៉ោង ២រសៀលនៅ Pushkin Tattoo Art Studio ផ្លូវលេខ ៣០៨។
នៅម្ដុំ Bassac Lane ដូចគ្នា Psynovation នឹងត្រលប់មកកាន់ Party Patio នាំមកយកនូវស្ទីលតន្ដ្រីលាយបញ្ចូលគ្នាពី DJ Dalah, Marcus ILL និង Reltho។ ពួកគេនឹងចាក់ភ្លេងបែប House និង Techno បែបថ្មី បើចង់ដឹងកុំភ្លេចមកសាកស្ដាប់។ ចាប់ពីម៉ោង ៩យប់ ដល់១ទៀបភ្លឺនៅ Party Patio ទីតាំងនៅតាមផ្លូវលេខ ៣០៨។
មានអ្វីនៅយប់ជ្រៅ?
បទភ្លេងបែប Underground សម្រាប់រាំកម្សាន្តនឹងមកដល់ Pontoon Pulse យប់នេះជាមួយនឹងកម្មវិធីជប់លៀងប្រចាំខែឈ្មោះថា Rhythm Control ដែលជាបែបបទជប់លៀងបែបស្គរ 808, 909 និង 303 ជាដើម ពោលគឺការរៀបចំតម្លើងគ្រឿងភ្លេងបែប ស្គរពីរនិងបាសមួយ។ កម្មវិធីនេះនឹងចាក់តន្ដ្រីបែប House, Techno, Electro, Acid ពីសំណាក់ DJ ចូលរួមដូចជា Alan Ritchie, Rob Bianche និង Lefty Stryker។ ចាប់ពីម៉ោង ១១យប់ដល់ ៥ព្រឹកនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
ដោយថ្ងៃនេះគឺជាថ្ងៃទី១ នៃកម្មវិធីបុណ្យអុំទូក អ្នកអាចរកទីតាំងណាមួយនៅម្ដុំផែ ស៊ីសុវត្ថិ ដើម្បីទស្សនាការប្រណាំងទូក និងការដុតកាំជ្រួចផងដែរ។ និយាយទៅនៅទីតាំងម្ដុំមាត់ទន្លេ និងក្បែរព្រះបរមរាជវាំង រាល់ឆ្នាំតែងតែមានដាក់លក់អាហារផ្សេងៗជាច្រើន អីចឹងអ្នកដឹងហើយគួរតែធ្វើយ៉ាងណា។
មានអ្វីលើឆាកសម្ដែង?
ក្នុងរយៈពេលបីថ្ងៃនេះ ក្រសួងបរិស្ថានជាមួយនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត បានរៀបចំកម្មវិធីប្រគំតន្ដ្រីមួយឈ្មោះថា 1River Music Festival។ កម្មវិធីនេះប្រមូលផ្ដុំទៅដោយតារាចម្រៀងជាច្រើនក្នុងស្រុក ក្នុងគោលបំណងផ្សព្វផ្សាយសារ កុំឲ្យប្រើប្រាស់ផ្លាស្ទិកច្រើន និងដាក់សម្រាមឲ្យនៅក្នុងធុងសម្រាម។ ចាប់ពីម៉ោង ៦ដល់ ១០យប់ នៅខាងមុខទីតាំងក្រសួងបរិស្ថាន។
ក្នុងថ្ងៃនេះដែរក្រុមចម្រៀង Small World Small Band នឹងមានកម្មវិធីសម្ពោធអាលប៊ុមយ៉ាងកក្រើកមួយ នៅផ្សារទំនើបអ៊ីអន២។ គូសបញ្ជាក់ថាក្រុមចម្រៀងនេះ ទើបតែបានសម្ដែងជូនព្រះបាទនរោត្ដម សីហមុនី ទតកម្សាន្តថ្មីៗនេះ ផងដែរ។ សំបុត្រចូលរួមតម្លៃតែ ៣ដុល្លារ ចាប់ពីម៉ោង ៤ដល់៨ល្ងាចនៅ Aeon Hall ផ្សារទំនើបអ៊ីអនសែនសុខ។
មានអ្វីទៀត?
សម្រាប់អ្នកចូលចិត្តលេងហ្គេមទូរសព្ទ Mobile Legends: Bang Bang អ្នកអាចចូលរួមកម្មវិធីប្រកួតគ្នាដល់ទៅ ៣ថ្ងៃនៅ វត្តបុទុម។ អ្នកក៏មានឱកាសអាចជួបជាមួយអ្នកជំនាញលេងហ្គេមក៏ដូចជា Vlogger ដូចជា Seak Vlogger, Rainie Dara, Henaa Gaming និង SZ_Gamer ជាដើម។ ចាប់ពីម៉ោង ៣រសៀលដល់ ៩យប់នៅវត្តបុទុម។
មានអ្វីដាក់បញ្ចាំង?
សម្រាប់អ្នកចូលចិត្តបាល់ទាត់វិញម្ដង នៅ Cheers Sports Bar នឹងចាក់បង្ហាញពីការប្រកួតទី ១២ នៃ English Premier League ខណៈដែល Liverpool និង Man. City នឹងប្រកួតគ្នា។ ចាប់ពីម៉ោង ៦កន្លះល្ងាចនៅ Cheers Sports Bar ផែស៊ីសុវត្ថិ។
