ពេលទីក្រុងកំពុងតែប្រឈមមុខនឹង Covid-19 ក្ដីស្រលាញ់និងភាពយោគយល់គួរតែយកឈ្នះការរើសអើង
ខណៈពេលដែលករណីជម្ងឺ Covid-19 បង្ហាញខ្លួនជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ធ្វើឲ្យជំនួញជាច្រើនត្រូវបានបិទជាបណ្ដោះអាសន្ន ជាពិសេសគឺនៅទីក្រុងភ្នំពេញ អ្វីដែលសំខាន់បំផុតនោះគឺត្រូវចងចាំថា មេរោគគឺគ្មានដែនកំណត់ ឬភ្ជាប់ជាមួយអត្តសញ្ញាណពូជសាសន៍ ឬសាសនាអ្វីមួយនោះឡើយ ដូច្នេះការបន្ទោសក្រុមណាមួយជុំវិញបញ្ហានេះ មិនមានជារឿងដែលគួរធ្វើនោះទេ។
រាយការណ៍បន្ថែមនិងបកប្រែជាភាសាខ្មែរដោយធារ៉ូ
សម្រាប់ថ្ងៃបុណ្យ St. Patrick’s Day កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ នៅលើដងផ្លូវ ៣០៨ ម្ដុំបាសាក់ឡេន ខណៈពេលដែលបារនៅទីនោះបានបើកបម្រើជាធម្មតា បូ៉លីសប្រដាប់ដោយអាវុធបានមកដល់ទីតាំង ដើម្បីឲ្យពួកគេបិទដំណើរការភ្លាមៗ នឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ សម្រាប់ភ្ញៀវសញ្ជាតិបរទេសដែលរស់នៅក្នុងស្រុកនៅទីនោះផ្ទាល់ បានបរិយាយពីហេតុការណ៍នេះដោយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ពួកគេត្រូវបានបណ្ដេញចេញពីទីតាំងដោយក្រុមប៉ូលីសជាមួយនឹងអាវុធ AK-47 នៅក្នុងដៃ។
មានតែអាជីវកម្មនៅបាសាក់ឡេន និងបារដែលនៅតាមបណ្ដោយផ្លូវលេខ ៣០៨ តែប៉ុណ្ណោះដែលត្រូវអជ្ញាធរចុះមកធ្វើអន្តរគមន៍បិទ ខណៈកន្លែងផ្សេងៗទៀតដូចជា កន្លែងច្រៀងខារ៉ាអូខេ KTV, រោងកុន និងក្លឹបកម្សាន្តត្រូវបានប្រកាសជាផ្លូវការឲ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ What’s On Phnom Penh ត្រូវបានគេរាយការណ៍ប្រាប់មកថា បារ The Big Easy នៅលើដងវិថី ១៧២ ក៏ត្រូវបានបិទកាលពីថ្ងៃពុធផងដែរ។
មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ ក៏ចាប់ផ្ដើមមានការព្រួយបារម្ភថា “ជនបរទេស” គឺជាអ្នកដែលនាំយកនូវមេរោគនេះពីក្រៅប្រទេស។ នៅតាមបណ្ដាញសង្គមគេសង្កេតឃើញថា មានការបង្ហោះជាហូរហែរនូវស្លាកប្រកាសផ្សេងៗនៅកន្លែងប្រកបអាជីវកម្មថា ពួកគេ “មិនបម្រើជនបរទេស”។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាស “ផ្អាក” ឲ្យធ្វើដំណើរចូលប្រទេសពីប្រភេទកប៉ាល់ធំៗ បន្ទាប់ពីអ្នកដំណើរបីរូប ដែលធ្វើដំណើរនៅលើកប៉ាល់ Viking Cruise Journey ត្រូវបានធ្វើតេស្តវិជ្ជមានថាមានផ្ទុកវីរ៉ុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍។ នេះបានធ្វើឲ្យលទ្ធផលដែលផ្ទុកមេរោគសរុបមាន៥រូប គឺបុរសជនជាតិមួយរូប បុរសជនជាតិជប៉ុនមួយរូប និងជនជាតិអង់គ្លេសបីរូប។
ប៉ុន្តែកាលពីថ្ងៃសៅរ៍កន្លងមកនេះ ក្រសួងសុខាភិបាលបានប្រកាសថា ដោយសារតែមានករណីថ្មីៗនៃការឆ្លងពីសំណាក់ជនជាតិបរទេស ក្រសួងបានសម្រេចចិត្តផ្អាកឲ្យធ្វើដំណើរពីសំណាក់ប្រទេសទាំង៥ធំៗ គឺ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក រយៈពេល ៣០ថ្ងៃគិតត្រឹមថ្ងៃទី ១៧ខែមិនា។ ក្រោយការប្រកាសមួយថ្ងៃ ជនជាតិ បារាំងមួយរូបដែលទើបតែធ្វើដំណើរមកដល់កម្ពុជា បានធ្វើតេស្តវិជ្ជមានថា មានផ្ទុកវីរ៉ុសកូរ៉ូណា។ គិតត្រឹមពេលនោះ ជនជាតិមកពីប្រទេសបួនទៀត មិនទាន់ត្រូវរកឃើញថាមានផ្ទុកវីរ៉ុសនេះឡើយ។
តើហេតុការណ៍នេះ ធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះសម្រាប់ជនបរទេសរស់នៅប្រទេសកម្ពុជា?
ប្រសិនជាអ្នកមិនសូវយល់ច្បាស់ អ្នកមិនមែនឆ្ងល់តែម្នាក់ឯងនោះទេ។ តាមរយៈការថ្លែងប្រកាសព័ត៌មានពី ស្ថានទូត សហរដ្ឋអាមេរិក ថាវាមិនទាន់ច្បាស់នៅឡើយថា ការហាមឃាត់នេះគឺសំដៅតែជនជាតិក្រៅស្រុកខាងលើ ចង់ធ្វើដំណើរមកកាន់កម្ពុជា ឬក៏ជនទាំងឡាយណាដែលទើបបានធ្វើដំណើរទៅកាន់ប្រទេសអស់ទាំងនេះ។
តាមរយៈសេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា “អជ្ញាធរកម្ពុជា មិនបានបញ្ជាក់ឲ្យច្បាស់ថាតើ ការផ្អាកអនុញ្ញាតិឲ្យធ្វើដំណើរចូលប្រទេសនេះ គឺសំដៅទៅលើបុគ្គលដែលនៅក្រៅប្រទេសដែលមានទីលំនៅ អចិន្ត្រៃយ៍ ឬមានលិខិតធ្វើការត្រឹមត្រូវ ឬក៏ចំពោះបុគ្គលសញ្ជាតិដូចបានប្រកាសមកពី៥ប្រទេស ចង់ចូលមកកាន់ប្រទេសកម្ពុជា ទោះបីជាមកពីទីណាក៏ដោយ”។ ស្ថាតទូតអាមេរិកបាន ស្នើឲ្យជនជាតិអាមេរិកដែលមានគោលបំណងចង់មកទស្សនា ឬត្រលប់មកកាន់ប្រទេសកម្ពុជាត្រូវធ្វើដំណើរឲ្យលឿន ខណៈដែលការហាមឃាត់នេះបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី ១៧មិនា កន្លងមកនេះ។
ការហាមឃាត់នេះបានបង្កឲ្យមានការងើយឆ្ងល់ថាតើ ហេតុអ្វីបានជា អ្នកដំណើរមកពីចក្រភព អង់គ្លេស ជប៉ុន និងចិនមិនមានដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់ ខណៈពេលដែលទីតាំងទាំងនេះ ក៏កំពុងត្រូវការប៉ះពាល់ពីមេរោគរាតត្បាតនេះដូចគ្នា ព្រមទាំងមានករណីខ្លះកើតមាននៅកម្ពុជាពីសំណាក់ប្រជាជនមកពីប្រទេសទាំងនេះ។ កម្ពុជាមិនបានហាមឃាត់ការធ្វើដំណើរមកពីប្រទេសចិន ដែលជាទីតាំងដែលមានអ្នកឆ្លងវីរ៉ុសសរុបដល់ទៅជាង ៨ម៉ឺនករណី។
តើកម្ពុជាប្រឈមមុខនឹង Covid-19 ដោយរបៀបណា?
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសពីវិធានការណ៍បួនយ៉ាងសំខាន់ៗ ដើម្បីទប់ទល់នឹងវីរ៉ុស Covid-19 ដោយបិទសាលារៀនទាំងអស់ក្នុងប្រទេស ចាប់ផ្ដើមពីថ្ងៃច័ន្ទទី ១៦ ដើមសប្ដាហ៍នេះ ព្រមទាំងស្នើឲ្យប្រជាជនកម្ពុជាបុគ្គលិកបម្រើការរដ្ឋដែលបានធ្វើដំណើរទៅកាន់ ទ្វីបអ៊ឺរ៉ុប អាមេរិក និងអ៊ឺរ៉ង់ឲ្យត្រលប់មកកាន់កម្ពុជា ដើម្បីធ្វើការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្រសួងអប់រំយុវជននិងកីឡា ក៏បានស្នើឲ្យមន្ត្រីដែលបានធ្វើដំណើរបេសកម្មទៅកាន់ប្រទេសណាមួយដែលមានការរាតត្បាត (បច្ចុប្បន្ននេះយ៉ាងតិច ១៤៣ប្រទេស) ដើម្បីដាក់ឲ្យស្នាក់នៅដាច់ដោយឡែកផងដែរ។
បន្ទាប់ពីនេះមក ការជួបជុំសាសនាផ្សេងៗត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន រួមបញ្ចូលទាំងការបិទកន្លែងច្រៀងខារ៉ាអូខេ និងរោងភាពយន្តនានាផងដែរ។ ខណៈពេលនេះសម្រាប់ក្រុមហ៊ុន និងពាណិជ្ជកម្មផ្សេងៗគឺត្រូវអនុញ្ញាតិឲ្យប្រកបអាជីវកម្មនៅឡើយ ប៉ុន្តែបុគ្គលិកទាំងអស់ត្រូវស្នើឲ្យធ្វើការពីផ្ទះមកប្រសិនជាអាច។ ចំពេលនេះដែរ ព្រះសង្ឃនៅតាមបណ្ដាវត្តអារ៉ាមទូទាំងប្រទេសបានប្រកាសថា នឹងធ្វើការទូងស្គរដើម្បីបន់ស្រន់ឲ្យវីរ៉ុស Covid-19 នេះចេញឲ្យឆ្ងាយនៅថ្ងៃទី ២៣ ខែមិនានេះ។
រដ្ឋាភិបាលបានស្មានត្រូវពីការដាក់ឲ្យរស់នៅដាច់ដោយឡែក ដោយគិតត្រឹមពេលនេះយប់ថ្ងៃទី ១៩ខែមិនា អ្នកឆ្លងមេរោគ Covid-19 ទាំងអស់មាន ៤៧នាក់ហើយ។ ដោយក្នុងនោះមានទាំងជនជាតិចិន ជប៉ុន បារាំង អង់គ្លេស ព្រមទាំងបងប្អូនខ្មែរនិងម៉ាឡេស៊ីដែល ទើបនឹងមកការចូលរួមប្រជុំសាសនានៅប្រទេសម៉ាឡេស៊ីថ្មីៗកន្លងទៅនេះ។
ចំពោះករណីឆ្លងថ្មីៗនេះត្រូវបានរកឃើញជាច្រើនកន្លែងទូទាំងប្រទេស រួមបញ្ចូលទាំងទីក្រុងភ្នំពេញ កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពត កែប កោះកុង និងខេត្តត្បូងឃ្មុំ។ នេះបង្ហាញថាវីរ៉ុសកូរ៉ូណាបានទៅដល់ទីតាំងសឹងតែពេញព្រះរាជាណាចក្រកម្ពុជាទៅហើយ។
ផ្លាស់ប្ដូរការស្ដីបន្ទោស
ជួនពេលដែលករណីឆ្លងជាច្រើនថ្មីៗនេះបានរកឃើញ ពីអ្នកដែលទើបមកពីប្រទេសម៉ាឡេស៊ី និងប្រជាជនកម្ពុជាដែលកាន់សាសនាអ៊ីស្លាម នេះជាហេតុធ្វើឲ្យបណ្ដាប្រជាជនមកពីសហគមន៍នេះត្រូវបានគេរើសអើង ទោះបីជាពួកគេខ្លះមិនបានទៅចូលរួមកម្មវធីនេះ ឬចេញពីប្រទេសកម្ពុជាថ្មីៗក៏ដោយ។
ទោះបីជាពេលនេះស្ថានភាពកំពុងតែគួរឲ្យបារម្ភយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺគួរតែគិតទុកក្នុងចិត្តថាមិនត្រូវស្វែងរកជនណាម្នាក់ដែលអ្នកអាចស្ដីបន្ទោសបាននោះទេ ដោយសារតែនេះមិនមែនជាកំហុសរបស់យើងគ្រប់គ្នា។ វាពិតជាសំខាន់ក្នុងការចងចាំថា វាមិនមានជាកំហុសរបស់អ្នកណាទាំងអស់ អីចឹងវាគ្មានន័យក្នុងការបន្ទោសអ្នកណានោះទេ។
វីរ៉ុសនេះមិនចេះរើសអើងពូជសាសន៍នោះទេ ដោយអ្នកដែលអាចចម្លងនិងផ្ទុកមេរោគនេះគឺមនុស្សគ្រប់គ្នា មិនថាជាជនជាតិអ្វីឬកាន់សាសនាអ្វី។ អ្នកមិនអាចមើលដឹងដោយភ្នែកទទេរនោះទេ ថាតើអ្នកណាកំពុងតែផ្ទុកមេរោគ Covid-19 នេះ។ យើងត្រូវតែឲ្យតម្លៃទៅកាន់គ្នាទៅវិញទៅមក ព្រមទាំងអាចរាក់ទាក់ពីចម្ងាយដូចជាសំពះជាដើម ខណៈពេលនេះដែលមិនអាចចម្លងមេរោគបាន។
គួរតែធ្វើយ៉ាងណាដើម្បីការពារខ្លួនអ្នកពីមេរោគ កូរ៉ូណា?
នេះគឺជាអ្វីដែលអ្នកគួរធ្វើប្រសិនជាអ្នកមានសុខភាពល្អប្រក្រតីៈ
- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឲ្យបានត្រឹមត្រូវ (ជាធម្មតាគឺត្រូវតែប្រើពេលជាង ២០វិនាទី)។ អ្វីដែលពិសេសនោះគឺ សាប៊ូពិតជាមានប្រសិទ្ធិភាពក្នុងការកំចាត់មេរោគនិងជម្ងឺកាចសាហាវផ្សេងៗ។
- កុំប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់របស់អ្នក។ ដោយព្យាយាមធ្វើយ៉ាងណាកុំឲ្យដៃប៉ះផ្ទៃមុខនាក់ តាមដែលអាចធ្វើទៅបាន។
- កុំអោបឬថើបមិត្តភក្តិអ្នក ដើម្បីធ្វើការរាក់ទាក់ ដោយយកល្អគួរតែធ្វើការសន្ទនាក្នុងរយៈចម្ងាយយ៉ាងតិច ២ម៉ែត្រពីគ្នា។
- ចាកចេញឲ្យឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន ដូចជា បារ រមនីយដ្ឋាន និងក្លឹបកម្សាន្តផ្សេងៗជាដើម។
អ្វីដែលអ្នកគួរធ្វើប្រសិនជាអ្នកមានអាការៈក្អកឬក្ដៅខ្លួន
- ប្រសិនជាអ្នក គួរតែធ្វើការពីផ្ទះសម្រាប់រយៈពេលយ៉ាងតិច២សប្ដាហ៍ ដើម្បីជៀសវាងការនៅជិតអ្នកដទៃ។ អ្វីដែលល្អបំផុតគឺ ប្រសិនជាសមាជិកអ្នកផ្ទះរស់នៅជាមួយអ្នក ពួកគេគួរតែមិនចាកចេញពីផ្ទះដូចគ្នា សំខាន់បំផុតគឺកុំទៅជួបជនចាស់ជរា ទោះបីជាមិនទាន់មានរោគសញ្ញាអ្វីក៏ដោយ ព្រោះពួកគេពិបាកទប់ទល់នឹងមេរោគនេះបន្ទាប់ពីឆ្លង។
- ប្រសិនជាអ្នកត្រូវការចេញទៅខាងក្រៅ គួរតែពាក់មាសដើម្បីការពារកុំឲ្យកណ្ដាស់ទៅកាន់អ្នកដទៃ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការពាក់ម៉ាស់មិនអាចធានាថានឹងមិនឲ្យអ្នកឆ្លងមេរោគនេះទាំងស្រុងនោះទេ។
អ្វីទៅដែលជាកំណត់សម្គាល់សំខាន់បំផុតថាអ្នកអាចនឹងមានជំងឺ Covid-19? ៩០ភាគរយនៃអ្នកមានជំងឺនេះគឺមានអាការៈក្ដៅខ្លួន ដូច្នេះបើសិនជាអ្នកមានគ្រុនក្ដៅ គួរតែទៅកាន់មន្ទីរពេទ្យនៅជិតអ្នក ដើម្បីសាកសួររកព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្ត ដោយតេស្តនេះនឹងមិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។ អ្វីដែលអ្នកអាចប្រាប់ដុកទ័រឲ្យកាន់តែច្បាស់គឺប្រាប់ថា អ្នកមានអាការៈដូចជាក្អកស្អួត និងពិបាកដកដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលអ្នកស្វែងរកវេជ្ជបណ្ឌិតដែលអាចធ្វើតេស្តលើអ្នកបាន អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះការចម្លងមេរោគនេះទៅកាន់អ្នកដទៃផងដែរ។
មើលថែខ្លួនឯង និងអ្នកដទៃ
សម្រាប់ពេលនេះពិភពលោកទាំងមូលកំពុងតែ ខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យសុបិន្តអាក្រក់នេះចប់ឲ្យឆាប់ៗ។ វាជាការល្អមួយក្នុងការយកចិត្តទុកដាក់ចំពោះអ្នកជិតខាង មិត្តភក្តិ ឬជនចាស់ជរាផ្សេងៗ ថាតោះពួកគេត្រូវការជំនួយឬអ្វីផ្សេងៗ ដើម្បីអាចឲ្យពួកគេនៅតែក្នុងផ្ទះនិងមិនចេញទៅក្រៅ។
គ្មានអ្នកណាចូលចិត្ត ចំពោះការមិនអាចប្រកបការងារផ្សេងៗ ឬចំណាយពេលជួបមនុស្សផ្សេងទៀតនោះឡើយ។ វាគឺជាពេលវេលាគួរឲ្យឈឺក្បាលមួយ សម្រាប់អ្នកដែលព្រួយបារម្ភក្នុងការស្វែងរកចំណូលសម្រាប់ខ្លួនគេនិងគ្រួសារ។ ដោយហេតុនេះហើយទើបអ្នកត្រូវតែបើកចិត្តទូលាយទៅកាន់មនុស្សគ្រប់គ្នា មិនថាជាពួកគេមកពីណា ជនជាតិអ្វី ឬកាន់សាសនាអ្វី។
