មានអ្វីខ្លះកើតឡើងចុងសប្ដាហ៍នេះ?
យើងបានប្រមូលផ្ដុំសកម្មភាពផ្សេងៗដែលអ្នកអាចនឹងចូលចិត្តចូលរួមដើម្បីកាត់ស្ដ្រេស
ថ្ងៃសុក្រ
មានអ្វី ដាក់បញ្ចាំង?
ភាពយន្តមនុស្សពីងពាងថ្មី គឺ “Spider-Man: Far From Home” ទើបដាក់បញ្ចាំងថ្ងៃនេះ។ ចង់ដឹងអត់ថានឹងមានអ្វីកើតឡើងទៅលើតួអង្គ Peter Parker បន្ទាប់ពីព្រឹត្តិការណ៍កើតឡើងក្នុងរឿង ”Avengers: Endgame” ព្រមទាំងអនាគតសម្រាប់បណ្ដារឿងជំនាន់ទី៤ របស់ Marvel?
មានអ្វី នៅឆាកសម្ដែង?
នៅបាសាក់ឡេនថ្ងៃសុក្រនេះ នឹងមានការប្រគំតន្ដ្រីចាប់ពីម៉ោង៩យប់ទៅ ជាមួយនឹងការសម្ដែងតន្ដ្រីបែប Funk n’ Soul ពី Pocket Change។ អ្នកអាចជាវនូវភេស្ជជៈផ្សេងៗតាមបារផ្សេងៗនៅទីនោះ ដោយទស្សនាតន្ដ្រីនិងរាំរែកតាមចិត្តទៅកាន់បទភ្លេងទស្សវត្សទី ៦០ និង ៧០។
ឬបើសិនជាអ្នកចង់សាកស្ដាប់តន្ដ្រីចង្វាក់ Soul បែប រេហ្គេ អ្នកអាចទៅកាន់ Cloud ព្រោះ DJ Gorimaa នឹងបង្វិលឌីសចាក់ភ្លេងឲ្យអ្នករាំ ចាប់ពីម៉ោង៨យប់ ដល់ពាក់កណ្ដាលអាធ្រាត្រ។ ប៉ុន្តែប្រសិនជាចង់ទៅទស្សនាការសម្ដែងផ្ទាល់ ពីតន្ដ្រីចង្វាក់ Soul អ្នកអាចទៅកាន់ The Bodleian បារដោយមានតារាចម្រៀងសញ្ជាតិឥណ្ឌូនេស៊ី២រូប Intan Andriana និង Metta Legita កំដរអារម្មណ៍អ្នកជាមួយនឹងព្យ៉ាណូហ្សាសព្រមទាំងការច្រៀងបែប R&B ចាប់ពីម៉ោង ៨ ដល់ ១១យប់។
មានអ្វីទៀត?
Mini Banana នឹងមានកម្មវិធី Mini Food Fest ដែលអ្នកអាចញ៉ាំអាហារដល់ទៅ ១២មុខឯណោះ ក្នុងតម្លៃតែ៥ដុល្លារ ធានាថានឹងញ៉ាំដល់បែបពោះ។ អាហារទាំងនោះនឹងរៀបចំចាប់ពីម៉ោង៦ល្ងាច ប៉ុន្ដែ Happy Hour សម្រាប់ភេសជ្ជៈគឺចាប់ផ្ដើមតាំងពីម៉ោង៤រសៀល អីចឹងមកដល់លឿនបន្តិចក៏មិនអីដែរ។
នឹកកាលរៀនសកលមែន (អត់អីទេ ពួកយើងក៏នឹកដូចគ្នា)។ អីចឹងកុំភ្លេចទៅកាន់ Embargo បារ ហើយទៅមើលគេឬក៏ចូលរួមលេង ល្បែងផឹកស្រាបៀ Beer Pong។ តម្លៃចូលរួមគឺមិនគិតថ្លៃទេ ហើយអ្នកឈ្នះនឹងទទួលបានរង្វាន់ប្រាក់១០ដុល្លារ ដើម្បីទិញអ្វីក៏បាននៅបារ ហើយអ្នកមិនឈ្នះក៏ទទួលបានបៀម្នាក់មួយកែវដែរ។ នៅទីនោះផងដែរក៏មានលក់ស្រាបែប Celestial Blonde កំប៉ុងតម្លៃតែ២ដុល្លារ។
ថ្ងៃសៅរ៍
មានអ្វី លើឆាកសម្ដែង?
នៅ Futures Factory នឹងរៀបចំកម្មវិធីប្រគំតន្ដ្រីខ្មែររ៉ុកទស្សវត្សទី ៦០ និង ៧០ ចាប់ពីម៉ោង៥ល្ងាចដល់ ៩យប់ DJ Sunny នឹងចាក់ចម្រៀងខ្មែរចង្វាក់រ៉ុកខិនរ៉ូលឲ្យអ្នករា
រាំកម្សានយ៉ាងគគ្រឹកគគ្រែង។ បើសិនជាអ្នកចូលរួមដោយស្លៀកពាក់តាមខ្មែរ សម័យកាលនោះអ្នកនឹងទទួលបានស្រាក្រឡុកមួយកែវដោយឥតគិតថ្លៃ។
មានអ្វីទៀត?
ប្រសិនជាអ្នកចង់ទៅក្រៅក្រុងបន្តិច ដើម្បីលំហែរអារម្មណ៍តាមផ្លូវ កុំភ្លេចទៅ Aeon 2 ដើម្បីចូលរួមកម្មវិធីខួបគម្រប់មួយឆ្នាំរបស់ហាងលក់សម្លៀកបំពាក់ Armani Exchange។ កម្មវិធីនេះនឹងមានការចូលរួមសម្ដែងដោយតារាខ្មែរល្បីៗប្រចាំ Klapyahandz ដូចជា វុទ្ធា និង វិន វិទូព្រមទាំងចូលរួមដោយ Kenny Chase និង DJ Chee ជាអ្នកចាក់តន្ដ្រីរាំកម្សាន្ត។ ក្នុងនោះដែរក៏មានការសម្ដែងគូររូបផ្ទាល់ដោយ Seavpor Phour អមទៅដោយរង្វាន់ ភេសជ្ជៈនិងអាហារ ចាប់ផ្ដើមពីម៉ោង៥ដល់៩ល្ងាច។
ប្រសិនជាមិនចង់ទៅឆ្ងាយទេ អ្នកក៏អាច Chill នៅ Cloud ក៏បានដោយចូលរួម Workshop មួយដែលបង្រៀនអ្នកឲ្យចេះធ្វើតុក្កតាកម្រើកមាត់បានចាប់ពីម៉ោង៣ដល់៦ល្ងាច។ ការចូលរួមនេះនឹងតម្រូវឲ្យបង់ប្រាក់នៅយប់ថ្ងៃសុក្រ ដោយតម្លៃមិនជាថ្លៃប៉ុន្មានទេ ពិសេសក៏មានអាហារត្រៀមសម្រាប់អ្នកចូលរួមផងដែរ។
អត់ដឹងគួរតែទៅណាជាមួយ Date នៅថ្ងៃសៅរ៍មែនអត់? ក្រុមហ៊ុនស្រាក្រឡុក Tomaka Cocktail នឹងប្រារព្ធកម្មវិធីមួយនៅ Atlas ចាប់ផ្ដើមពីម៉ោង ៨យប់ ជាមួយនឹងតន្ដ្រីពី Sound Advice។ ឬក៏អាចទៅ Cloud ព្រោះបន្ទាប់ពី Workshop ធ្វើតុក្កតានោះបញ្ចប់ Cloud នឹងមានការការរាំកម្សាន្តចង្វាក់ Salsa ចាប់ពីម៉ោង៨ដល់១១យប់ ដោយមានការចូលរួមសម្ដែងដោយ Carlos Camacho ពីប្រទេស Bolivia និង Marleny មកពីប្រទេស គុយបា។
មានអ្វី នៅយប់ជ្រៅ?
សម្រាប់អ្នកចូលចិត្តរាំតន្ដ្រីបែបទស្សវត្សទី ៩០ មកជួបជាមួយ DJ Moodymanc នៅ Pontoon Pulse ចាប់ពីម៉ោង១១យប់ដល់ទៀបភ្លឺ។ ជាមួយនឹងតន្ដ្រីសំបូរបែប ស្ទីលចាស់ៗ ដូចជា ឌីស្កូ Deep House ជាដើម ធានាថាអ្នកនឹងសប្បាយរាំជាមិនខាន។
ថ្ងៃអាទិត្យ
មានអ្វី សម្រាប់មុខម្ហូប?
នៅ Chinese House នឹងមានកម្មវិធី អាហារព្រឹក/ថ្ងៃត្រង់ (Brunch) បែបមិចស៊ិក សម្បូរដោយអាហារយ៉ាងសម្បូរបែប គ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់បាត់ទៅហើយ ប្រសិនជាអ្នកចូលចិត្តអាហារបែប មិចស៊ិកខ្លាំងនោះមិនបាច់ទៅណាឆ្ងាយទេ។
មានអ្វី ទៀត?
នៅ Lot 369 ម្ដុំបឹងកេងកង ម៉ាកសម្លៀកបំពាក់ Dorsu ដែលមានទីតាំងនៅខេត្តកំពត នឹងមកដាក់លក់ឈុតសម្លៀកបំពាក់ Collection ថ្មី។ ស្ថាបនិកម៉ាកនេះ Hanna Guy បាននិយាយថា មូលហេតុដែលនាងបានជ្រើសរើស Lot 369 ដោយសារតែអ្នកទិញចូលចិត្តខោអាវនិងកាហ្វេ។ ដូច្នេះការធ្វើកម្មវិធីនៅទីតាំងលក់កាហ្វេបែបនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាបង្ហាញទស្សនិកជនពីអ្វីដែលយើងមានគម្រោងទៅថ្ងៃអនាគត។
ជាចុងក្រោយ បើសិនជាអ្នកចង់បង្កើតអ្វីដោយខ្លួនឯង Nowhere Art Studio នឹងមានកម្មវិធីធ្វើក្អមដោយដៃ ណែនាំដោយ សម្បត្តិ អ្នកគ្រប់គ្រង Kampong Chhnang Pottery។ អ្នកចូលរួមអាចធ្វើកែវឬក្អមដីឥដ្ធ ដោយនឹងត្រូវដុតកម្ដៅនៅកន្លែងណាមួយ ដើម្បីយកមកឲ្យវិញនៅថ្ងៃដែលដុតកម្ដៅរួចរាល់។ អ្នកក៏អាចរៀនសូត្រពីវិធីសាស្រ្តផ្សេងៗ ក្នុងការធ្វើក្អមឆ្នាំងក៏ដូចជាបច្ចេកទេសក្នុងការរចនាផងដែរ៕
