Connect with us

វិភាគ​រឿង “Blade Runner 2049” (មិន​មាន Spoiler)

ការ​ណែនាំ​ និង Reviews ផ្សេងៗ

វិភាគ​រឿង “Blade Runner 2049” (មិន​មាន Spoiler)

What’s on Phnom Penh វិភាគ​រឿង​ “Blade Runner 2049” ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​អ្នក​ដឹក​នាំ​និង​ផលិតករ​ល្បី​ឈ្មោះ​ Ridley Scott។ ភាព​យន្ត​នេះ​បាន​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា Ryan Gosling, Harrison Ford, Ana de Armas, Jared Leto និងRobin Wright ជា​ដើម។

What’s on Phnom Penh វិភាគ​រឿង​ “Blade Runner 2049” ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​អ្នក​ដឹក​នាំ​និង​ផលិតករ​ល្បី​ឈ្មោះ​ Ridley Scott។ ភាព​យន្ត​នេះ​បាន​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា Ryan Gosling, Harrison Ford, Ana de Armas, Jared Leto និងRobin Wright ជា​ដើម។

ភាព​យន្ត​ “Blade Runner 2049” គឺ​វគ្គ​បន្ទាប់​ពី​រឿង​ដំបូង “Blade Runner” ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​ ១៩៨២។ ទោះ​បី​ជា​រឿង​នេះ​មិន​សូវ​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ចំពោះ Box office តែ​វា​បាន​ក្លាយ​ជា​បណ្ដា​រឿង​ដែល​មាន​អ្នក​គាំទ្រ​​រឿង​ស្រលាញ់​ពេញ​ចិត្ត​ជា​ច្រើន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភាព​យន្ត​នេះ​ក៏​បាន​បញ្ចេញ​ជា​ច្រើន​ប្រភេទ (Different Cuts Version) រហូត​ដល់​សម្រេច​យក​(Final Cut) ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០៧។ រហូត​ដល់​ ៣៥​ ឆ្នាំ​ក្រោយ​ ភាព​យន្ត​ដ៏​ល្បី​របស់Ridley Scott មួយ​នេះ​មាន​ឱកាស​បញ្ចេញ​វគ្គ​ថ្មី​ដែល​ មាន​ការ​ចូល​រួម​ដោយ​លោក Denis Villeneuve ជា​អ្នក​ដឹក​នាំ​រឿង​។ ជាមួយ​នឹង​ជំនួយ​របស់​អ្នក​ជំនាញ​ខាង​ថត​កុន​យ៉ាង​ប្រកប​ដោយ​សិល្បៈ​លោក Roger Deakins នេះ​គឺ​ជា​បទ​ពិសោធន៍​រយៈ​ពេល​ ១៦៤​នាទី​ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប​។ ក្នុង​សាច់​រឿង​នោះ​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​កំពូល​អ្នក​ផលិត​សាច់​ភ្លេង​ក្នុង​រឿងHan Zimmer នឹង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​រំជើប​រំជួល​ពេល​កំពុង​ទស្សនា។

នៅ​ក្នុង​វគ្គ​ថ្មី “BR2049” នេះ​នឹង​បង្ហាញ​ពី​ហេតុការណ៍​ដែល​កើត​ឡើង​ ៣០​ ឆ្នាំ​​បន្ទាប់​ពី​រឿង​ដំបូង​។ តារា​សម្ដែង Ryan Gosling ដើរ​តួ​ជា​ ប៉ូលិស​ប្រចាំ​ទីក្រុង Los Angeless ឈ្មោះ “Officer K” ដែល​ទទួល​បញ្ជា​ដោយ​មេការ​របស់​ខ្លួន អនុសេនីយ៍​ Joshi សម្ដែង​ដោយ​ Robin Wright។ នៅ​ក្នុង​បេសកកម្ម​របស់​លោក Officer K បាន​ប៉ះ​ជាមួយ​មនុស្ស​កែច្នៃ​ឈ្មោះ​ Sappar Mortonសម្ដែង​ដោយ​លោក Dave Bautista ដែល​កំពុង​តែ​ភ័យ​ខ្លាច​ក្នុង​ការ​តាម​ប្រមាញ់​របស់​ពួក​ប៉ូលិស។ ក្នុង​បេសកកម្ម​នោះ​ បាន​រក​ឃើញ​អាថ៌កំបាំង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​​មាន​ភាគ​រង្គោះ​រង្គើ​នៃ​ជីវិត​មនុស្ស​និង​មនុស្ស​កែច្នៃ។ បេសកកម្ម​នោះ​ដែរ​ក៏​បាន​នាំ​ឲ្យ K បាន​ជួប​នូវ​អតីត​ Blade Runner ម្នាក់​ដែល​កំពុង​តែ​លាក់​ខ្លួន​ ក្នុង​គោល​បំណង​ស្វែង​រក​ចម្លើយ​ជុំវិញ​បញ្ហា​ទាំង​អស់​នោះ។

ប៉ុន្ដែ​មុន​នឹង​អ្នក​ចូល​ទៅ​កាន់​សាច់​រឿង​​ឫ​សម្រេច​ចិត្ត​ទៅ​មើល​នៅ​តាម​រោង​កុន​ អ្នក​គួរ​តែ​ដឹង​ថា​ហេតុការណ៍​ទាំង​អស់​ក្នុង​សាច់​រឿង​គឺ​កើត​ឡើង​នៅ​ឆ្នាំ ២០៤៩។ អ្នក​ដឹក​នាំ​រឿង Denis Villeneuve បាន​សម្រេច​ចិត្ត​បញ្ចេញ​នូវ​វីដេអូ​រឿង​ខ្លីៗ​ចំនួន​បី​បរិយាយ​ពី​ហេតុ​ការណ៍​កើត​ឡើង​នៅ​ចន្លោះ​ពេល​ពី​រឿង​ចាស់​ឆ្នាំ ២០១៩ និង​រឿង​ថ្មី​ឆ្នាំ ២០៤៩។

ទី១​ Black Out: 2022” ជា​សាច់​រឿង​គំនូរជីវចល​មួយ​និយាយ​ពី​ហេតុ​ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​ដាច់​ភ្លើង​ដ៏​យូរ​មួយ។ ការ​ផលិត​មនុស្ស​យន្ត​កែ​ច្នៃ​គឺ​ត្រូវ​បាន​គេ​ហាម​ឃាត់ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ Tyrell Cooperation

 

ទី​២ “Nexus Down: 2036” នៅ​ពេល​ដែល Niander Wallace បាន​ណែនាំ​នូវ​ប្រភេទ​មនុស្ស​កែច្នៃ​ប្រភេទ​ថ្មី​។

 

ទី​៣ “2048: Nowhere to Run” ជា​ហេតុការណ៍​កើតឡើង​មួយ​ឆ្នាំ​មុន​ ២០៤៩ ​បង្ហាញ​ពី​មនុស្ស​កែច្នៃ​ម្នាក់​បាន​ព្យាយាម​រត់​គេច​ពី​ការ​ប្រមាញ់​ឈ្មោះ Sappar Morton ដែល​សម្ដែង​ដោយ​លោក Dave Bautista។

ដោយ​សារ​តែ​សាច់​រឿង​សរុប​ក្នុង​រឿង​នេះ​គឺ​ដល់​ពីរ​ម៉ោង​កន្លះ​ឯណោះ​ ដូច្នេះ​ហើយ​​ BR2049 គឺ​ជា​ប្រភេទ​រឿង​វិទ្យាសាស្ត្រ​បែប ស្រមើស្រមៃ​ទៅ​កាន់​អនាគត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពិភព​ថ្មី​​មួយ។ លោក Villeneuve គឺ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ចំពោះ​រឿង​នេះ​។​ នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ អ្នក​ដឹក​នាំ​រូប​នេះ​ធ្លាប់​ដឹក​នាំ​រឿង​ល្បីៗ​ជា​ច្រើន​ដូច​ជា “Prisoner” និង “Arrival” ជា​ដើម។​ ព្រម​ទាំង​រួម​ដៃ​ជាមួយ​អតីត​អ្នក​ដឹក​នាំ​រឿង​ចាស់​Ridley Scott ជា​ផលិតករ​ទៀត​ នោះ​ទើប​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​ល្អ​មួយ​កម្រិត​ទៀត។ ចំណែក​ឯ​ថវិកា​ត្រៀម​សម្រាប់​រឿង​នេះ​វិញ​គឺ​ដល់​ទៅ ១៥០​ លាន​ដុល្លារ​ឯណោះ​ ដូច្នេះ​ត្រៀម​ខ្លួន​ត្រៀម​​Popcorn និង​ Coca ឲ្យ​ហើយ​មុន​នឹង​ទស្សនា​ភាពយន្ត​នេះ។

តើ​មាន​អ្វី​កើត​ឡើង​ក្នុង​សាច់​រឿង​នេះ?

មក​ដល់​ឆ្នាំ ២០៤៩ ក្រុម​ហ៊ុន​ផលិត​មនុស្ស​កែច្នៃ Tyrell corporation បាន​ត្រូវ​បញ្ឈប់​ដំណើរ​ការ​ ដោយ​លោក Niander Wallace សម្ដែង​ដោយ​ Jared Leto បាន​ណែនាំ​នូវ​មនុស្ស​កែច្នៃ​ជំនាន់​ថ្មីNEXUS-9” ដែល​ជា​ប្រភេទ​មនុស្ស​កែច្នៃ​​ដែល​គោរព​ម្ចាស់​ជាង​គេ​បង្អស់។​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ហេតុ​ការណ៍​ទាំង​អស់​ចាប់​ផ្ដើម​កើត​ឡើង​ដោយ មនុស្ស​កែ​ច្នៃ​ជំនាន់​ចាស់ “NEXUS-8” ត្រូវ​គេ​ចាប់​ផ្ដើម​ប្រមាញ់​គ្រប់​ទី​កន្លែង ដោយ​អ្នក​ប្រមាញ់​មនុស្ស​កែច្នៃ (Blade Runner)។ ហើយ​អ្នក​ប្រមាញ់​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក K

ក្នុង​សាច់​រឿង​នោះ​ K គឺ​នៅ​ជាមួយ​សង្សារ​ ដែល​ជា​បច្ចេកទេស​ផលិតផល Hologram ឈ្មោះ Joi សម្ដែង​ដោយ​ Ana de Armas។ នាង​គឺ​ជា​សង្សារ​ម្នាក់​ដែល​តែង​តែ​ សើច​លេង​សប្បាយ​ជាមួយ​ R ដើម្បី​កែ​អផ្សុក ជួយ​ធ្វើ​ការ​នូវ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​នាង​ស្រលាញ់​R ខ្លាំង។ ចំពោះ​តួអង្គ​ចិត្ត​អាក្រក់​សំខាន់​ក្នុង​រឿង​នេះ​គឺ Luv សម្ដែង​ដោយ​ Sylvia Hoeks ដែល​ជា​កូន​ចៅ​ដ៏​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្លួន​លោក​ Niander Wallace។ នាង​គឺ​ជា​មនុស្ស​កែច្នៃ​មួយ​ដែល​ខ្លាំង​ពូកែ​ និង​ឃោរឃៅ​ម្នាក់​ ក្នុង​ចំណោម​មនុស្ស​កែច្នៃ​ទាំង​អស់​ដែល​បាន​បង្កើត​ឡើង។ ហើយ​អ្នក​រំពឹង​ថា​នឹង​ខ្លាច​រអា​នឹង​នាង​ក្នុង​ឈុត​ខ្លះ​នៅ​ក្នុង​រឿង​នេះ។

ហើយ​ក្នុង​គោល​បំណង​ដើម្បី​ស្វែង​រក​ចម្លើយ​នូវ​អាថ៌កំបាំង​នោះ K ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ រហូត​នាំ​លោក​ទៅ​ជួប​អតីត​អ្នក​ប្រមាញ់​មនុស្ស​កែច្នៃ​ជំនាន់​ចាស់​ ឈ្មោះ​ Deckard ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​ច្របូក​ច្របល់។

បច្ចេកទេស​ថត​ភាពយន្ត​នេះ​

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​លោក​ Deakins និង Villeneuve ធ្វើ​ការ​ជាមួយ​គ្នា​។ ពួក​គេ​ធ្លាប់​សហការ​គ្នា​ផលិត​រឿង​ ២​ដង​រួច​មក​ហើយ​ គឺ​រឿង Prisoner” និង​រឿង Sicaro” ដែល​រឿង​ទាំង​ពីរ​សុទ្ធ​តែ​ជា​រឿង​ដែល​ប្រកប​ទៅ​ដោយ​លក្ខណៈ​សិល្បៈ​ភាពយន្ត។ ចំណែក​ឯ​ស្នាដៃ​របស់​លោកDeakins សម្រាប់​រឿង​នេះ​វិញ​គឺ​ពិត​ជា​ល្អ​ខ្លាំង​សឹង​មិន​គួរ​ឲ្យ​ជឿ​។ ឈុត​ឆាក​ខ្លះៗ​ពី​ក្នុង​រឿង​នេះ​គឺ​ពិត​ជា​ស្រស់​ស្អាត​ចម្លែក​ រហូត​ដល់​អ្នក​គិត​ថា​វេទមន្ត​នៃ​ភាព​យន្ត​គឺ​ពិត​ជា​មាន​ពិត​មែន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ជំនាញ​ថត​ភាព​យន្ត​រូប​នេះ​ធ្លាប់​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​អូស្ការ​ដល់​ទៅ ១៣ ដង​ឯណោះ​តែ​មិន​ដែល​ឈ្នះ​ ហើយ​មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា​លោក​ពិត​ជា​ឈ្នះ​ពាន​ពី​រឿង​នេះ។

ការ​តុបតែង​ឆាក

ដើម្បី​ថត​ឲ្យ​បាន​ស្អាត​គ្រប់​ជ្រុង​ជ្រោយ​និង​ឈុត​ឆាក​ក្នុង​រឿង​នេះ​ ការ​រៀប​ចំ​តុប​តែង​ឆាក​គឺ​ពិត​ជា​សំខាន់​ខ្លាំង​។ អ្នក​ដឹក​នាំ​រឿង​លោក Villeneuve យល់​យ៉ាង​ច្បាស់​ពី​បញ្ហា​នេះ​ នឹង​ប្រើ​ប្រាស់​ការ​យល់​ដឹង​របស់​លោក​ជា​ប្រយោជន៍​ក្នុង​សាច់​រឿង​នេះ។ វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ភាព​យន្ត​គឺ​រៀប​ចំ​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជឿ​ជាក់​ថា​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​កញ្ចក់​កុន​គឺ​ពិត​ជា​ដូច​ពិតៗ។ លោក​គឺ​ជា​អ្នក​ដឹក​នាំ​រឿង​ម្នាក់​នៅ​ក្នុង​ហូលីវូដ​ ដែល​ឲ្យ​តម្លៃ​ទៅ​កាន់​ការ​តុប​តែង​ឆាក​យ៉ាង​ខ្លាំង​ ដោយ​មិន​ចង់​ឲ្យ​តួ​អង្គ​សម្ដែង​តែ​នៅ​ខាង​មុខ​ផ្ទាំង​សំពត់​ពណ៌​បៃ​តង​នោះ​ទេ​។ លោក​ចង់​ឲ្យ​​តារា​សម្ដែង​មាន​អារម្មណ៍​ថា​ខ្លួន​ពិត​ជា​នៅ​ក្នុង​សាច់​រឿង​ពិត​ប្រាកដ និង​ទទួល​បាន​បទ​ពិសោធន៍​អស់​ទាំង​នោះ​ផ្ទាល់​ៗ។ ហើយ​អ្វី​ដែល​យើង​ពេញ​ចិត្ត​បំផុត​នោះ​គឺ​ ការ​បញ្ចូល​ផ្សែង​​អ័ព្ទ​ពណ៌​ដែល​ធ្វើ​ឈុត​ឆាក​ទាំង​ឡាយ​ដែល​ប្រើ​អ័ព្ទ​នោះ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង។

ការ​សម្ដែង

ទោះ​បី​ជា​រឿង​នេះ​ ភាគ​ច្រើន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​ប្រភេទ​មិន​សូវ​មាន​សកម្មភាព​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ឈុត​ឆាក​វាយ​តប់​ខ្លះ​ៗ និង​បាញ់​ប្រហារ​ខ្លះ​ផង​ដែរ​ ជា​ពិសេស​នោះ​គឺ​ទស្សនា​រថយន្ត​ចេះ​ហោះ​ពិត​ជា​រំភើប​ខ្លាំង។

លោក​ Ryan Gosling គឺ​ពិត​ជា​ពូកែ​ក្នុង​ការ​សម្ដែង​លើក​ដាក់​អារម្មណ៍​ ក៏​ដូច​ជា​សម្ដែង​បាន​យ៉ាង​ល្អ​ក្នុង​ឈុត​ឆាក​វាយ​តប់​ និង​បាញ់​ប្រហារ​បាន​យ៉ាង​ស្ទាត់​ជំនាញ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ដោយ​សារ​តែ​រូប​រាង​ដ៏​ស្រស់​សង្ហា​របស់​លោក នារី​ៗ​ជា​ច្រើន​ដែល​បាន​ចូល​ទស្សនា​ភាព​យន្ត​នេះ​ពិត​ជា​ពុះ​កញ្ជ្រោល​ខ្លាំង។ ចំណែក​ឯ​ Sylvia Hoek ដែល​សំដែង​ជា​តួអង្គ Luv នោះ​ក៏​ពូកែ​វាយ​តប់​និង​កាច​ខ្លាំង​ ឈុត​ខ្លះ​នាង​សម្ដែង​បាន​ល្អ​ពេក​រហូត​ដល់​យើង​ចំហ​មាត់​ស្ងើច​សរសើរ​នាង។ ចំណែក​ឯ Anna ដែល​សម្ដែង​ជា​តួអង្គ​ Joy វិញ​នោះ​គឺ​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង ហើយ​ក៏​សម្ដែង​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​សាច់​រឿង​ផង​ដែរ។ អត្តចរិត​របស់​នាង​នៅ​ក្នុង​សាច់​រឿង​ ក៏​ដូច​ជា​ការ​ពូកែ​ធ្វើ​ទឹក​មុខ​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ពិត​ជា​លេច​ធ្លោ​នៅ​ក្នុង​សាច់​រឿង។ ចំណែក​ឯ​លោក Harrison Ford វិញ​យើង​មិន​បាច់​និយាយ​ទេ ដោយ​សារ​តែ​លោក​ពូកែ​ស្រាប់​ទៅ​ហើយ។ លោក Jared Leto បាន​សម្ដែង​ជា​តួអង្គ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​នៅ​ក្នុង​រឿង​នេះ​ បើ​មើល​តាម​អត្តចរិត របស់​តួអង្គ Wallace ផ្ទាល់​តែ​ម្ដង​ ខណៈ​ដែល​ Robin Wright សំដែង​ជា​តួអង្គ​មួយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ចការ​របស់​នាង។

សាច់​ភ្លេង​នៅ​ក្នុង​រឿង

លោក Hans Zimmer គឺ​ជា​បុគ្គល​ម្នាក់​ដែល​ល្បី​និង​ពូកែ​បំផុត​ខាង​ផ្នែក​ផលិត​ សាច់​រឿង​ក្នុង​ភាព​យន្ត (Soundtrack)។ លោក​បាន​ផលិត​បទ​ភ្លេង​នៅ​ក្នុង​​រឿង​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ មិន​ថា​ជា​រឿង​បែប​ល្បី​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ឫ ក៏​ភាព​យន្ត​ដែល​រក​ចំណូល​បាន​កប់​ក្ដោង​នោះ​ទេ។ ក្នុង​រឿង​ “Blade Runner 2049” នេះ​លោក​បាន​សហ​ការ​ជាមួយ​ លោក Benjamin Wallfish ដែល​ធ្វើ​ឲ្យ​សាច់​រឿង Sci-fi មួយ​នេះ​កាន់​តែ​រំជើប​រំជួល​ខ្លាំង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ លោក Johan Johansson បាន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ផលិត​សាច់​ភ្លេង​ក្នុង​សាច់​រឿង​នេះ ប៉ុន្ដែ​ក៏​ត្រូវ​បោះ​បង់​ទៅ​វិញ។ ជម្រើស​ដែល​យើង​យល់​ថា​ល្អ​បំផុត​សម្រាប់​រឿង​នេះ​គឺ​បទ​ភ្លេង​ចំណង​ជើង​ថា“Sea Wall” ដែល​អ្នក​អាច​ស្ដាប់​បាន​ខាង​ក្រោម​នេះ។

ការ​សម្រេច​ចុង​ក្រោយ​

Blade Runner 2049 គឺ​ជា​រឿង​១​ក្នុង​ចំណោម​រឿង​ល្អ​បំផុត​ដែល​បាន​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ​នេះ​។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ក៏​ដូច​ជា​កោត​សរសើរ​ពី​អ្នក​ស្រលាញ់​វិស័យ​ភាព​យន្ត​ និង​អ្នក​វិភាគ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក។ រឿង​នេះ​ក៏​មិន​ខុស​ពី​វគ្គ​ចាស់​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​តែ​មាន​ចម្ងល់​ និង​មាន​រឿង​ជជែក​វែក​ញែក​ រាប់​សិប​ឆ្នាំ​ត​ទៅ​មុខ។ ចម្ងល់​ជា​ច្រើន​ពី​វគ្គ​មុន​គឺ​នៅ​តែ​មិនទាន់​បាន​បក​ស្រាយ​ ហើយ​ស្រាប់​តែ​វគ្គ​ថ្មី​នេះ​កាន់​តែ​បន្ថែម​ចម្ងល់​ជាច្រើន​បន្ថែម​ទៀត។ មូល​ន័យ​សម្រាប់​រឿង​នេះ​គឺ ក្រើន​រំលឹក​យើង​ថា​ហេតុ​អ្វី​បាន​ភាព​យន្ត​មាន​សារៈសំខាន់ ហើយ​អ្វី​ជា​ភាពយន្ត​មាន​គុណភាព។ ពេល​ខ្លះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​មាន​ជីវិត​ តើ​អ្នក​ជា​អ្នក​ណា​ឲ្យ​ពិត​ប្រាកដ​ ហើយ​តើ​អ្វី​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​អស់​ទាំង​នេះ?​ នេះ​អាច​ថា​យើង​ទាំង​អស់​គ្នា​គ្រាន់​តែ​មនុស្ស​កែ​ច្នៃ​ដែល​អ្នក​ផលិត​ ផលិត​ហើយ​ទុក​ចោល​ផង​ក៏​មិន​ដឹង៕

រឿង Blade Runner 2049 គឺ​​​​បាន​ដាក់​បញ្ចាំង​តាម​រោង​កុន​នានា​ហើយ។​ អ្នក​អាច​ទៅ​ទស្សនា​បាន​នៅ​រោងកុន Major Cineplex, Legend Cinema (ទួល​គោក, មាន​ជ័យ, City Mall) ជា​ច្រើន​ម៉ោង​អាច​ជ្រើស​រើស​បាន​។

​​​​​​​

​​​

Continue Reading
You may also like...
Click to comment

Leave a Reply

More in ការ​ណែនាំ​ និង Reviews ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top