អុញនោះ! ចុងសប្ដាហ៍បុណ្យហាឡូវីនមកដល់បាត់
ចាកចេញពីតុធ្វើការ ហើយស្លៀកឈុតស្អាតៗប្លែកៗ ដើរលេងបុណ្យហាឡូវីនម្ដងហ្អី?
ថ្ងៃសុក្រ
មានអ្វីនៅថ្ងៃហាឡូវីន?
តាមពិតទៅថ្ងៃពិតប្រាកដនៃកម្មវិធីហាឡូវីនគឺតាំងពីម្សិលមិញមកម្ល៉េះ ប៉ុន្តែដោយសារតែត្រូវពេលចុងសប្ដាហ៍បែបនេះ កម្មវិធីដ៏ធំមួយនឹងធ្វើឡើងនៅតាមបណ្ដោយផ្លូវលេខ ៣០៨ បាសាក់លេន ឈ្មោះថា Halloween block party។ កម្មវិធីនេះនឹងមានការសម្ដែងពីក្រុមចម្រៀងដល់ទៅ ៥ក្រុម DJ ចំនួន២ ទីតាំងដាក់លក់អាហារ និងព្រមទាំងស្រាបៀរ Sigha ជាច្រើន។
បើចង់ដឹងឲ្យច្បាស់ពីកម្មវិធីជប់លៀង ហាឡូវីន ទាំងស្រុងនៅទីក្រុង ចូលមើលទៅតាមតំនរ នេះ។
មានអ្វីលើឆាកសម្ដែង?
Bodleian នឹងរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ Angels and Demons ដែលនេះគឺជាលើកទី២ហើយ។ មើលទៅវាមិនជាកម្មវិធីទាកទងនឹងហាឡូវីនប៉ុន្មានទេ ប៉ុន្តែតម្រូវឲ្យអ្នកចូលរួមស្លៀកពាក់ ឲ្យដូចជាមកពីនរកឬស្ថានសួហ៍ គួរតែតែងខ្លួនយ៉ាងណាគឺជាជម្រើសរបស់អ្នក។ ជាមួយនឹងការសម្ដែងពី Intan, Phil និង Antt ព្រមទាំងចាក់ភ្លេងកំដរពី DJ Sound Advice ផងដែរ។ ចាប់ពីម៉ោង ៩យប់ដល់ ១ទៀបភ្លឺនៅ Bodleian ផ្លូវលេខ ២៨៨។
ប្រសិនជាអ្នកមិនចង់ចូលរួមកម្មវិធីជប់លៀងបែបហាឡូវីនច្រើនពេក នេះជាកម្មវិធីសិល្បៈចម្រៀងខ្លះ ទូទាំងទីក្រុង។
អ្នកជំនាញលេងព្យ៉ាណូ Metta Legita និងអ្នកជំនាញហ្គីតា Stan Paleco នឹងសម្ដែងតន្ដ្រីបែប ហ្សាស Acoustic រាត្រីនេះនៅ Farm to Table។ ខណៈនោះដែរអ្នកទាំងពីរ បង្ហើបពីតិចនិចនៃការសម្ដែងថា ពួកគេនឹងមានការកែច្នៃប្រឌិតបន្តិចនៃតន្ដ្រីប៉ុន្តែ មិនឲ្យមានការបាត់បង់នៃលក្ខណៈពិសេសនៃចម្រៀងដើមឡើយ។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះយប់នៅ Farm to Table ផ្លូវលេខ ៣៦០។
ក្នុងផ្នែកមួយនៃ កម្មវិធី Phnom Penh Classical Music Festival ពេញមួយចុងសប្ដាហ៍ សណ្ឋាគារ Raffles នឹងរៀបចំកម្មវិធីសម្ដែងមួយពិសេសពី ក្រុមតន្ដ្រីមកពីទីក្រុងបាងកក ជំនាញគ្រឿងភ្លេង វីយូឡុង និងព្យ៉ាណូ។ ពួកគេនឹងសម្ដែងសិល្បៈពីទស្សវត្សទី ១៩ របស់អ្នកជំនាញព្យ៉ាណូអាល្លឺម៉ង់ Clara Schumann និពន្ធជាមួយស្វាមីរបស់នាងលោក Robert។ សម្រាប់វិបសាយសណ្ឋាគារនេះ បានបង្ហាញថាការសម្ដែងនេះតម្រូវឲ្យចូលរួមតែអ្នកស្នាក់នៅ ប៉ុន្តែយើងសង្ឃឹមថា អ្នករៀបចំកម្មវិធីនឹងមានដាក់លក់សំបុត្រសម្រាប់អ្នករស់នៅក្នុងក្រុងភ្នំពេញឲ្យចូលរួមផងដែរ។ ចាប់ពីម៉ោង ៧យប់ទៅនៅ Raffles Hotel Le Royak ផ្លូវលេខ ៩២។
ការសម្ដែងផ្ទាល់នៃផ្ទាំងទស្សនីយភាព Madame Butterfly ពី Puccini នឹងចាប់សម្ដែងនៅ Aeon Mall Sen Sok ពេញមួយចុងសប្ដាហ៍នេះ។ ឧបត្ថម្ភដោយសមាគមសិល្បៈជប៉ុននិងកម្ពុជា អ្នកសម្ដែងសញ្ជាតិជប៉ុន៥រូប នឹងសម្ដែងប្រាប់សាច់រឿងដែលគួរឲ្យកម្សត់ និងគ្រាំបេះដូង។ ការសម្ដែងនេះក៏មានប្រែសម្រួលជាភាសាខ្មែរផងដែរ។ សំបុត្រចូលរួមគឺមានតម្លៃ ២០ទៅ៥០ដុល្លារសម្រាប់អ្នកទិញទុកមុន និង ៣០ទៅ ៧០ដុល្លារនៅច្រកចូល សម្រាប់សិស្សនិស្សិតដែលមានកាតសម្គាល់ ID អាចទិញក្នុងតម្លៃតែ ៥ដុល្លារ។ ចាប់ពីម៉ោង ៣ល្ងាចថ្ងៃសុក្រ សៅរ៍និងអាទិត្យនៅ Aeon Mall Sen Sok ផ្លូវលេខ ១០០៣។
ចំពោះការសម្ដែងមួយទៀត គឺមានលក្ខណៈប្លែកបន្តិចគឺជាការសម្ដែងបែបកំប្លែងវិញម្ដង។ នៅ The Box Office នឹងមានការសម្ដែងបែប Stand Up Comedy និយាយអំពីអ្នកសម្ដែងរឿងអាសអាភាស male pornographic actor Ron Jeremy។ វាពិតជាគួរឲ្យចាប់អារម្មណ៍ដោយសារ តែតួអង្គរឿងអាសអាភាសរូបនេះក៏ធ្លាប់ជាអ្នក និយាយរឿងកំប្លែង Stand Up Comedy ផងដែរ។ សម្រាប់សាចរឿង Ron Jeremy: The Musical នេះនឹងមានចូលរួមសម្ដែងពីតារាកំប្លែងដល់ទៅ ៤នាក់ឯណោះ។ ចាប់ពីម៉ោង ៧កន្លះដល់១០កន្លះ នៅ The Box Office ផ្លូវលេខ ២៤៤។
មានអ្វីទៀត?
យកក្បាច់រាំ Salsa របស់អ្នកទៅកាន់ Hey Hey បារនៅទីតាំង Toul Tompoung Lane នេះនឹងមានអ្នកបង្រៀនរាំ Lisbet ដើម្បីជួយអ្នករៀនរាំក្បាច់ពិសេសៗ មិនត្រឹមតែ Salsa ប៉ុណ្ណោះទេ ប៉ុន្តែក៏មានចង្វាក់ផ្សេងៗទៀតដូចជា Mambo, Merengue, Rumba, Bachata, Bomba និង Plena។ ចាប់ពីម៉ោង ៩ដល់ ១១យប់ នៅ Hey Hey ផ្លូវលេខ ១៥៥។
មានអ្វីនៅយប់ជ្រៅ?
នៅឯ Reggae Rooftop ឯណោះវិញក៏នឹងមានកម្មវិធីជប់លៀងហាឡូវីនរបស់ Cubik ក៏ដូចជាកម្មវិធីជប់លៀងលា DJ Sushi ដែលនេះគឺជាការសម្ដែងចុងក្រោយរបស់លោកនៅក្រុងភ្នំពេញ។ ចូលរួមចាក់ភ្លេងក្នុងកម្មវិធីនេះ ក៏មាន DJ ដល់ទៅ៤រូបទៀតបន្ថែម បន្ទាប់ពីនេះលោកនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ។ ចាប់ពីម៉ោង ១០យប់ដល់ ៤ទៀបភ្លឺនៅ Reggae Rooftop ផ្លូវ ១៧២។
Meta House 3.0 នឹងមានកម្មវិធីរាំកម្សាន្តដោយឥតគិតថ្លៃ ជាមួយនឹង DJ KRPK និង Dufte មកពីប្រទេសអាល្លឺម៉ង់។ រួមជាមួយនឹង DJ ប្រចាំក្រុង Marcus Ill, Nick E, និង Sao Sopheak។ DJ ដល់ទៅ៥រូប នឹងដាក់វេនគ្នាបង្វិលឌីស ជាមួយនឹងស្រាបៀរដ្រាវតម្លៃតែ ១ដុល្លារប៉ុណ្ណោះ អីចឹងចាំអង្គាល់? ចាប់ពីម៉ោង ៨ល្ងាចដល់ ៣ទៀបភ្លឺនៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីដាក់បញ្ចាំង?
ក្នុងឱកាសបុណ្យហាឡូវីននេះដែរ មានភាពយន្តខ្មែរមួយនឹងចាប់ដាក់បញ្ចាំងចុងសប្ដាហ៍នេះ ចំណងជើងថា កែវភ្នែកដាស់វិញ្ញាណ 3។ Risa គឺជាស្ដ្រីមួយរូបដែលមានទំនាក់ទំនងជាមួយខ្មោច ដោយនាងអាចមើលឃើញពួកវា ខណៈអ្នកដទៃមិនអាច។ ទោះជាយ៉ាងណាក៏ដោយ នាងចង់ត្រលប់មករស់ជាជនធម្មតាសមញ្ញម្នាក់ និងចង់មានសង្សារ ប៉ុន្តែវាមិនមែនជាការងាយស្រួលនោះទេ។ ចាប់ដាក់បញ្ចាំងនៅតាមរោងកុននានា តាមម៉ោងអាចជ្រើសរើសបាន។
ថ្ងៃសៅរ៍
មានអ្វីលើឆាកសម្ដែង?
ក្រុចម្រៀងរ៉ុកប្រចាំក្រុងភ្នំពេញ Sam Rocker នឹងប្រារព្ធកម្មវិធីជប់លៀងសម្ពោធអាល់ប៊ុមទី ៣ របស់ពួកគេនៅ Cloud យប់នេះ។ ប៉ុន្តែអ្វីដែលពិសេសសម្រាប់លើកនេះ គឺនេះគឺជាលើកដំបូងដែលពួកគេបានត្រលប់ទៅរកលក្ខណៈដើមនៃតន្ដ្រីរបស់ពួកគេ គឺចង្វាក់រ៉ុកឯករាជ្យ និង Metal។ ការសម្ដែងនេះគឺមិនគិតថ្លៃនោះទេ ប៉ុន្តែអ្នកអាចត្រៀមថវិការខ្លះៗ ដើម្បីទិញផលិតផលប្រចាំក្រុមរបស់ពួកគេ។ ចាប់ពីម៉ោង ៦កន្លះដល់ ១០កន្លះនៅ Cloud ផ្លូវលេខ ៩។
Juniper ម្ដុំមាត់ទន្លេនឹងមានកម្មវិធីចាក់ភ្លេងកំដរផងដែរ អមនឹងការសម្ដែងពី DJ MR SPKR។ ជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាលតាមមាត់ទន្លេ ព្រមទាំងស្រា Gin យ៉ាងឆ្ងាញ់ អីចឹងដឹងតែពិសេសតែម្ដង។ ចាប់ពីម៉ោង ៦ល្ងាចដល់ ពាក់កណ្ដាលអាធ្រាត្រនៅ The Point Hotel ផ្លូវ ១៣០។
Party Patio ក៏នឹងមានកម្មវិធីលើកទីពីរនៃ Psynovation ជាកម្មវិធីជប់លៀងដែលបង្ហាញពីលក្ខណៈពិសេសនៃតន្ដ្រីអេឡិចត្រូនិក។ DJ ដល់ទៅ៣រូបគឺ Sisyphe, Shadows of Space និង Dalah នឹងចាក់តន្ដ្រីកំដរ ជាមួយនឹងចង្វាក់ Ambient, House, Deep House និង Techno។ ចាប់ពីម៉ោង ៨កន្លះដល់ ១ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
មានអ្វីទៀត?
ចង់ដឹងថាអាហារប្រភេទអ្វីដែលមានក្លិនឈ្ងុយខ្លាំងពេលចំអិន? នោះគឺជាអាហារប្រភេទដុតតែម្ដង។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៀតគឺ កន្លែងដែលដុតនំឆ្ងាញ់ដែលដាក់លក់ Cookies, Cupcakes និង Brownies ជាដើមនឹងដាក់លក់នៅទីតាំងមួយដែលអ្នកនឹកស្មានមិនដល់។ អ្វីទាំងអស់នេះនឹងកើតឡើងនៅ Ginger & Grace ថ្ងៃនេះតែម្ដង ចាប់ពីម៉ោង ២ដល់ ៤យប់នៅ Ginger & Grace។
មានអ្វីដាក់បញ្ចាំង?
នៅ The Flicks នឹងមានកម្មវិធី all day fright-fes ដាក់បញ្ចាំងរឿងបែបលងបន្លាចជាច្រើន ដូច ជា Monster House នៅម៉ោង ២ រសៀល។ រឿង Greener Grass នៅម៉ោងបន្ទាប់ពីរឿងដំបូង នឹងរឿងទី៣គឺ The Conjuring ជាភាពយន្តបែប R-rated។ ចំណែកឯរឿងចុងក្រោយបង្អស់ដាក់បញ្ចាំងនៅម៉ោង ៦ល្ងាចគឺរឿង Hereditary ក៏ជារឿងបែប R-rated ផងដែរ។ អីចឹងចំណាយតែ ៤ដុល្លារ រួចកម្មង់ Popcorn នឹងភេស្ជជៈអ្វីបន្ថែមមក ដឹងតែថ្ងៃរបស់លោកអ្នកគឺពិសេសតែម្ដង។ ចាប់ពីម៉ោង ២រសៀលនៅ The Flicks ផ្លូវលេខ ៩៥។
មានអ្វីនៅយប់ជ្រៅ?
DJ Rob Warner សញ្ជាតិញូសេឡែន នឹងចាក់ភ្លេងនៅ Pontoon Pulse ពេញមួយរាត្រីនេះ ចាក់បទភ្លេងជាច្រើនបែបបទ មិនថាជា Techno, Disco ជាដើម។ លោកមានបទពិសោធន៍ជា DJ តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ដូច្នេះធានាថាដឹងតែប្លែកតែម្ដង។ ចាប់ពីម៉ោង ១១យប់ដល់ ៥ទៀបភ្លឺនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
នៅឯ The Factory ឯណោះវិញ សម្រាប់ថ្ងៃអាទិត្យនេះនឹងមាន ដាក់បញ្ចាំងភាពយន្តឯកសាររឿង Our Planet បង្ហាញពីពិភពលោកដ៏ស្រស់ស្អាត ដែលយើងកំពុងរស់នៅនេះគឺ ពោរពេញទៅដោយឧបសគ្គនិងការគម្រាមកំហែងផ្សេងៗជាច្រើន ដែលអ្នកគួរតែផ្ដោតអារម្មណ៍យកចិត្តទុកដាក់។ ចាប់ពីម៉ោង ២ ដល់ ៥ល្ងាចនៅ The Factory ផ្លូវជាតិលេខ ២។
មានអ្វីទៀត?
នៅឯ Meta House ឯណោះវិញនឹងមានកិច្ចពិភាក្សាមួយ និយាយអំពីតួនាទីរបស់ស្ដ្រីនៅក្នុងសង្គម នៃប្រទេសកម្ពុជា។ អ្នកកាសែតសញ្ជាតិខ្មែរ Hang Sokunthea នឹងជាអ្នកចាត់ចែងតុពិភាក្សា ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធដូចជា ចំណុចសម្គាល់សំខាន់របស់ស្រ្ដីនៅសម័យទំនើប និង ច្បាប់ក្បួនដូចជា ច្បាប់ស្រីជាដើម។ ក្នុងកិច្ចពិភាក្សានោះ នឹងមានជាភាសាអង់គ្លេសនិងខ្មែរ អមទៅដោយសំនួរចម្លើយនៅចុងកម្មវិធី។ ចាប់ពីម៉ោង ៣ទៅ ៥កន្លះនៅ Meta House ផ្លូវលេខ ១៧៨។
