Connect with us

ចាប់​ផ្ដើម​ពី​គ្មាន​អ្វី​ទាំង​អស់​ ទៅជា​តារា​ហ៊ីបហប់​ល្បី​ឈ្មោះ: Tiny Toones ប្រារព្ធ​ខួប​គម្រប់​មួយ​ទសវត្ស​នៃ​ការ​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការពិត​

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ចាប់​ផ្ដើម​ពី​គ្មាន​អ្វី​ទាំង​អស់​ ទៅជា​តារា​ហ៊ីបហប់​ល្បី​ឈ្មោះ: Tiny Toones ប្រារព្ធ​ខួប​គម្រប់​មួយ​ទសវត្ស​នៃ​ការ​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការពិត​

អង្គការ​ក្រៅរដ្ឋាភិបាល​​ ផ្តល់​ការអប់រំ​និង​ក្បាច់​រាំ​ចង្វាក់ breakdancing បាន​ធ្វើ​ឲ្យ​កុមារ​រាប់រយ​នាក់​ បាន​ចាក​ចេញ​ពី​ចិញ្ចើម​ផ្លូវ​និង​មាន​ការងារ​ពិត​ប្រាកដ។ ពេល​នេះ​ពួក​គេ​បាន​ចូលរួម​ បណ្ដា​តារា​ហ៊ីបហ​ប​ល្បីៗ​នៅ​កម្ពុជា​សម្រាប់​ការ​សម្ដែង​ដ៏​ធំ​សម្បើម​មួយ។

នៅ​ពេល​លោក KK ជា​ជន​ភៀស​ខ្លួន​នៅ​ជំរុុំ​ប្រទេស​ថៃ ហើយ​បាន​ធំ​ដឹង​ក្ដី​នៅ​រដ្ឋ​ កាលីហ្វ័រញ៉ា ត្រូវ​បាន​គេ​ជំលៀស​ឲ្យ​មក​កាន់​ប្រទេសកម្ពុជា​វិញ​កាល​ពី​ឆ្នាំ ២០០៥ ពេល​នោះ​អ្វីៗ​គឺ​ប្រៀប​ដូច​ងងឹត​សូន្យ​ឈឹង។ នៅ​ពេល​ធំ​ឡើង លោក​ត្រូវ​បាន​គេ​ហៅ​ថា​ជាពពួក​ជើង​កាង “the ghetto” នៅ​ទីក្រុង Long Beach។ KK បាន​ពាក់ព័ន្ធ​នឹង​ក្រុម​ជើង​កាង​ កាល​លោក​នៅ​វ័យ​ជំទង់​ និង​ធ្លាប់​មាន​បញ្ហា​ខ្លះៗ​ជាមួយ​ផ្លូវ​ច្បាប់ ធ្វើ​ឲ្យ​លោក​បាត់​បង់​សិទ្ធិ​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ជា​ប្រទេស​មួយ​ដែល​លោក​មិន​ដែល​បាន​មក​កាន់​សូម្បី​តែ​ម្ដង។  

Tiny Toones KK.png

គ្រាន់​តែ​មក​ដល់​ភ្នំពេញ​ភ្លាម លោក KK បាន​រៀប​ចំ​គម្រោង​ដើម្បី​ខ្លួន​ឯង ដោយ​បាន​ចូលរួម​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួួយ ដែល​ជួយ​ប្រជាជន​ពី​ការ​​ប្រឈម​មុខ​នឹង​មេរោគ​អេដស៍​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ក្រោយ​មក​​ ដោយ​សារ​តែ​មាន​ទេព​កោសល្យ​ខាង​រាំ​ចង្វាក់ breakdancing ជា​ស្រេច​ លោក KK ក៏​ត្រូវ​គេ​ឲ្យ​បង្ហាត់​បង្រៀន​ក្មេងៗ​នៅ​​តំបន់​នោះ។​

ដំបូង​ឡើយ​លោក​ហាក់​ដូច​ជា​មាន​ចិត្ត​ចង់​ប្រកែក “ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​ក៏​នាំ​ក្មេង​ប្រុស​ម្នាក់​មក​ជួប​ខ្ញុំ ហើយ​ពេល​នោះ​ខ្ញុំ​គិត​ថា ក្មេង​ម្នាក់​នោះ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​មែន​ទែន ហើយ​ក៏​សាក​សួរ​ថា​អីចឹង​ប្រាប់ពូ​​​មើល​ចេះអី​​ខ្លះ… ក្មេង​នោះ​​រំឭក​​ខ្ញុំ​ពី​កូន​ប្រុស​ខ្ញុំ​ជា​ខ្លាំង។”

ចាប់​តាំង​ពី​យល់​ព្រម​ដើម្បី​បង្ហាត់បង្រៀន​ក្មេង​ប្រុស​ម្នាក់ ពី​គំនរ​សម្រាម​ដើម្បី​រៀន​រាំ​ចង្វាក់ breakdance នៅ​អាគារ​ស្នាក់​នៅ​ដ៏​តូច​ចង្អៀត​របស់​លោកក្រោយ​ពី​បញ្ចប់​ការងារមក​ KK បាន​និយាយ​ថា​វា​ពិត​ជា​មាន​ការ​ប្រែប្រួល​លឿន​ខ្លាំង​ណាស់។ ក្មេង​ៗ​កាន់​តែ​ច្រើន​បាន​មក​សុំ​ការ​បង្ហាត់​បង្រៀន​ពី​លោក ហើយ​ក្រោយ​ពី​ KK បាន​ដឹង​ថា​ក្មេងៗ​ទាំង​នោះ​មិន​មាន​លទ្ធភាព​ទៅ​រៀន​នៅ​សាលា លោក​ក៏​សុខ​ចិត្ត​ផ្ដល់​កន្លែង​ស្នាក់​នៅ អាហារ​ហូបចុក និង​ព្រម​ទាំង​ជួល​គ្រូបង្រៀន​មួយ​រូប ដើម្បី​បង្រៀន​ក្មេង​ៗ​ទាំង​នោះ​នៅ​ពេល​ថ្ងៃ​ទៀត​ផង។ ក្រោយ​មក​លោក​ក៏​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​ការងារ​ NGO ដោយ​គ្មាន​គម្រោង​របស់​លោក ទៅ​ជា​សាលា​រៀន​ផ្លូវការ​មួយ ពេល​នោះ​ហើយ​គឺ​ជា​ពេល​ដែល Tiny Toones ចាប់​កំណើត​ឡើង។

Tiny Toones - kid breakdancing

សុបិន​ពិត​ជា​ក្លាយ​ជា​ការ​ពិត​មែន

សព្វ​ថ្ងៃ​នេះ មាន​ក្មេងៗ​ដល់ទៅ​១០០​នាក់​​ឯណោះ​នៅ​ថ្នាក់​រៀន Tiny Toones ច្បារអំពៅ​ ដែល​ពួក​គេ​ត្រូវ​បាន​បង្រៀន​មុខ​វិជ្ជា​សំខាន់ៗ បូក​រួម​ជាមួយ​ការ​បង្ហាត់​ក្បាច់​រាំ​ និង​មេរៀន​សិល្បៈ​ផ្សេងៗ។ ទីធ្លា​ខាង​ក្រៅ​នៃ​សាលា​នេះ​គឺ​ពោរពេញ​ទៅ​ដោយ គំនូរ​ស្អាតៗ​ពី​អ្នក​សិល្បៈ​តាម​ដង​វិថី​ដ៏​ល្បីៗ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ហើយ​ទីតាំង​នេះ​ក៏​ជា​ទីតាំង​ដែល​បាន​បង្កើត​ អ្នក​រាំ​ជំនាញ​ជា​ច្រើ​ន​រូប ឌីជេ អ្នក​ច្រៀង​ចង្វាក់​រ៉េប និង​ហ៊ីបហប​ ព្រម​ទាំង​​ព្យាយាម​ជួយ​ជ្រោម​ជ្រែង​សិស្ស​ដែល​គ្មាន​លទ្ធភាព ឲ្យ​បាន​បន្ត​ការ​សិក្សា​បាន​ខ្ពង់ខ្ពស់​ ហើយ​បាន​ផ្ដល់​ការ​ងារ​ទៅ​ពួក​គេ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុក៏​ដូច​ជា​ជំនួញ​ផ្សេងៗ។ អង្គការ NGO នេះ​បាន​និយាយ​ថា ក្មេង​ៗ​៩៦​ភាគ​រយ​ ដែល​បាន​ចូល​រៀន​នៅ​ Tiny Toones សុទ្ធ​តែ​បាន​ការងារធ្វើ​សមរម្យ។

Tiny Toones - kids.png

សម្រាប់​លោក KK ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្មេង​ៗ​ទាំង​នេះ​ឲ្យ​ទទួល​បាន​ការ​អប់​រំ​ដ៏​ល្អ និង​បង្ហាត់​បង្រៀន​ឲ្យ​យក​ចិត្ត​ទុកដាក់ និង​ធ្វើ​ការ​ដោយ​សេចក្ដី​ព្យាយាម​ពី​ពិត​ជា​មាន​សារៈ​សំខាន់​ មិនចាញ់​ការ​ផ្ដល់​ចំនេះ​ដឹង​នៅ​មជ្ឃមណ្ឌល​នោះ​ទេ។ “សុបិន​របស់​ពួក​គេ អាច​មាន​ច្រើន​យ៉ាង​ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ចាប់​វា​ឲ្យ​បាន​” លោក​បាន​និយាយ​ដូច្នេះ​។ “អនាគត​របស់​ពួក​គេ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គេ។ វា​មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​អាច​គ្រាន់​តែ​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​ដល់​ចំណុច​មួយ​តែ​ប៉ុណ្ណោះ។”

Tiny Toones Serey

សារ​នេះ​បាន​ធ្វើ​ឲ្យ​តារា​រ៉េប​ល្បី​ឈ្មោះ Sang Sok Serey រំជួល​ចិត្ត​ជា​ខ្លាំង ដោយ​នាង​ជា​តារា​មួយ​រូប​ដែល​បាន​សិក្សា​ជាមួយ Tiny Toones ពេល​នាង​មាន​វ័យ​ជំទង់​ និង​បាន​ស្វែង​យល់​ថា ទោះ​បី​ជា​ការ​រាំ​ចង្វាក់ breakdancing មិន​មែន​ជា​ទេពកោសល្យ​របស់​នាង​ប៉ុន្តែ​នាង​អាច​ច្រៀង​រ៉េប​យ៉ាង​ជំនាញ។ បន្ទាប់​ពី​ជម្នះ​ភាព​ភ័យ​ខ្លាច​បាន​ទាំង​ស្រុង​ នាង​ក៏​ជម្រុញ​ខ្លួន​ឯង​ក្នុង​ការ​សម្ដែង​រហូត​បាន​សម្រេច។ ៧​ឆ្នាំ​ក្រោយ​មក​ នាង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​មាន​ផលិតកម្ម​ពិត​ប្រាកដ​ និង​ក្លាយ​ជា​តារា​មួយ​រូប​ក្នុង​ចំនោម​តារា​ល្បីៗ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដូច​ជា Nikki Nikki, ក្មេង​ខ្មែរ និង ក្រុម​ Khmer Pride ជា​ដើម។

“ខ្ញុំ​បាន​បង្ហាញ​ថា​ពួក​គេ​ពិត​ជា​ខុស” Serey បាន​និយាយ​យ៉ាង​អង់អាច នាង​​ក៏​បាន​រៀបរាប់​អំពី​ការ​រើស​អើង​ភេទ និង​ភាព​លំបាក​ផ្សេងៗ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ។ “ខ្ញុំ​មិន​ចង់​វាយ​ជាមួយ​មនុស្ស​នៅ​ខាង​ក្រៅ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​វាយ​ពួក​គេ​តាម​រយៈ​ចម្រៀង”។

ពេល​នេះ​ នាង​ខិត​ខំ​ប្រឹង​ប្រែង​ប្រើ​ប្រាស់​ ឃ្លា​ឃ្លោងនៅ​ក្នុង​បទ​ចម្រៀង​​ ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ទៅ​ដល់​មនុស្ស​ដែល​មក​ពី​កាលៈទេសៈ​លំបាក​គ្រប់​ប្រភេទ​ ដើម្បី​ជម្នះ​ឧបសគ្គ​​ផ្សេងៗ និង​ស្វែង​រក​កំលាំង​ចិត្ត​ដើម្បី​សម្រេច​តាម​គោលបំណង​ដែល​ចង់​បាន។ ចម្រៀង​ខ្មែរគឺ​ពោរពេញ​ទៅ​ដោយ​ បទ​ភ្លេងស្នេហា​​បែប​កំសត់ៗ​ ដែល​បង្ហាញ​ពី​អារម្មណ៍​កណ្ដោច​កណ្ដែង​ និង​សូម្បី​តែ​ការ​ធ្វើ​អត្តឃាទ​ទៀត​ផង​។ ក្នុង​ការ​ចង់​ផ្លាស់​ប្ដូរ​រស​ជាតិ​ចម្រៀង​បែប​នេះ Serey បាន​និយាយ​ថា​នាង​ចង់​ឲ្យ​តន្ដ្រី​របស់​នាង​គឺ​ជា​ភាពផ្ទុយ​គ្នា​នៃ​ចម្រៀង​ទាំង​នោះ។ បទ​ចម្រៀង​ល្បី​បំផុត​របស់នាង “The Light”​ គឺ​និយាយ​អំពី​រឿង​រ៉ាវ​របស់​ក្មេង​ស្រី​មួយ​រូប ​នាង​ស្គាល់​​ ដែល​ត្រូវ​បាន​បោះ​បង់​ដោយ​ឪពុក​ម្ដាយ​​ និង​ព្យាយាម​រក​អ្វី​ជា​ទី​ពំនឹង​អាស្រ័យ​។ នេះ​គឺ​ជា​បទ​ភ្លេង​មួយ​និយាយ​អំពី​ការ​រស់​រាន​មាន​ជីវិត​ និង​ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ ដែល​ Serey បាន​សរសេរ​មិន​មែន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​ក្មេង​ស្រី​នោះ​ទេ គឺ​ព្រម​ទាំង​ក្មេង​ៗ​ដទៃ​ទៀត​នៅ​កម្ពុជា​ដែល​ជួប​នឹង​បញ្ហា​ស្រដៀង​គ្នា។​

“វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅពេល​មាន​អ្នក​គាំទ្រ​បាន​និយាយ​ថា​អរគុណ​ដែល​បាន​និពន្ធ​បទ​នេះ​ឡើង នេះគឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ខ្លាំង​” នាង​បាន​និយាយ​ដូច្នេះ។ “ពេល​ខ្លះ​យើង​ត្រូវ​បង្ហាញ​ពួក​គេ​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​បាន។ អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ និង​អ្វី​ដែល​អ្នក​ស្រលាញ់​ពេញ​ចិត្ត… ត្រូវ​តែ​តស៊ូ។”

ការ​ជោគជ័យ​នៅ​តែ​បន្ត

ភាព​ជោគជ័យ​មួយ​ទៀត​គឺ អំពី​អ្នក​រាំ​ចង្វាក់ breakdancer គឺ Slick ដែល​បាន​មក​ដល់​ Tiny Toones តាំង​ពី​អាយុ ១៤​ឆ្នាំ​មក​ម្ល៉េះ។ Slick បាន​ត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ​ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​មិន​មាន​កន្លែង​ស្នាក់​អាស្រ័យ​ដល់​ទៅ ១ឆ្នាំ​​មុន​ពេល​មិត្ត​ភក្តិ​ម្នាក់​បាន​ផ្ដល់​លេខ​ទូរសព្ទ​ KK ទៅ​លោក។

Tiny Toones Slick.png

“ខ្ញុំ​បាន​ឃើញ​ការ​រាំ​ចង្វាក់​ហ៊ីបហប​ នៅ​តាម​ទូរទស្សន៍​ ហើយ​ខ្ញុំ​បាន​ប្រាប់ KK ថា​ខ្ញុំ​ចង់​រៀន។ លោក​បាន​ឆ្លើយ​តប​ថា ប្រសិន​ជា​ខ្ញុំ​ចង់​រៀន ខ្ញុំ​ត្រូវ​តែ​បញ្ឈប់​ការ​ប្រើ​គ្រឿង​ញៀន។

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ហើយ​ Slick បាន​ចំណាយ​ពេល​ធ្វើ​ទុក្ខ​ជា​ច្រើន​ទម្រាំ​តែ​ផ្ដាច់​បាន​សម្រេច​ ប៉ុន្តែ KK ដែល​ Slick បាន​រៀប​រាប់​ថា​ប្រៀប​ដូច​ជា ឳពុក​ចំពោះ​ខ្លួន​ ជួយ​ជ្រោយ​ជ្រែង​លោក​រហូត​មក​។ ឥឡូវ​ Slick បង្រៀន​ចង្វាក់​ breakdancing ទៅកាន់​ក្មេង​ជំនាន់​ក្រោយ​នៅ Tiny Toones ហើយ​ក៏​បាន​ក្លាយ​ជា​បេក្ខជន​មួយ​រូប​នៅ​ក្នុង​កម្មវិធី Cambodia’s Got Talent។

“ហ៊ីបហប​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ។” លោក​ថ្លែង។

១០​ឆ្នាំ​ក្នុង​ការ​បង្កើត​ឡើង

ច្បាស់​ណាស់ Tiny Toones ពិត​ជា​មាន​រឿង​រ៉ាវ​ជាច្រើន​ដើម្បី​អបអរ ហើយ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​មួយ​ចំនួន​ក៏​បាន​ចូលរួម​ផង​ដែរ។ ថ្ងៃ​ស្អែក​ អង្គការ​នេះ​នឹង​ប្រារព្ធកម្មវិធី​ជប់លៀង​មួយ​នៅ The Factory ដែល​អាច​ចូល​ទស្សនា​ដោយ​សេរី ជាមួួយ​នឹង​ការ​សម្ដែង​ពី​តារា​ល្បីៗ​ដូច​ជា Sang Sok Serey, KlapYaHandz, 12me. Kreative Kings, Khmer Thorsue, DJ Cake, DJ Niko Yu, DJ Jay, DJ Shadow, DJ B-Roc, Kbach Crew និង​ជា​ច្រើន​ទៀត ព្រមទាំង​ក្រុម​សម្ដែង​ពី Tiny Toones ផង​ដែរ។​

វា​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​ ចំពោះ​លទ្ធផល​នៃ​គម្រោង​ដែល​បាន​បង្កើត​មួយ​ទស្សវត្ស​កន្លង​មក ពី​ខាង​មុខ​បន្ទប់​ស្នាក់​នៅ​របស់​ជន​ដែល​ត្រូវ​ ជំលៀស​ចេញ​ពី​ប្រទេស​ក្រៅ​ និង​បារម្ភ​អំពី​ឱកាស​ចុង​ក្រោយ​របស់​ខ្លួន។ ប៉ុន្តែ KK បាន​និយាយ​ថា “វា​គឺ​ការ​តស៊ូ និង​ខិត​ខំ​ប្រឹង​ប្រែង ហើយ​ខ្ញុំ​ជឿជាក់​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ផ្លាស់​ប្ដូរ​បាន… វា​មិន​មាន​បញ្ហា​នោះ​ទេ ថា​តើ​ក្មេង​ម្នាក់​មក​ពី​ណា អ្វី​ដែល​សំខាន់​នោះ​គឺការ​​បង្ហាញ​គេ​ឲ្យ​ដឹង​ថា​ ក្មេង​ម្នាក់​​អាច​សម្រេច​បាន​ការ​ងារ​អ្វី​ទាំង​អស់​។”

ការ​អបអរ​ខួប​គម្រប់​១០​ឆ្នាំ​របស់ Tiny Toones ចាប់​ផ្ដើម​ពី​ម៉ោង ១២​ដល់​៦​ល្ងាច​ នៅ​ The Factory តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ២។ អ្នក​អាច​ចូលរួម​ដោយ​សេរី ហើយ​ក៏​អាច​គាំទ្រ​ការងារ​ដ៏​ល្អនេះ​ពី​គម្រោង​របស់ Tiny Toones តាម​រយៈ​ការ​​បរិច្ចាគនៅទីនេះ

Translated by Thearo Nuch

Click to comment

Leave a Reply

More in អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top