មកជួបជើងឯកកីឡាឡើងជញ្ជាំងថ្មីសន្លាងរបស់កម្ពុជា
ទោះបីជាកីឡាប្រភេទនេះទើបតែមានវត្តមាននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែកីឡាករឡើងជញ្ជាំងកម្ពុជា អាចចាត់ចូលចំណាត់ថ្នាក់អន្តរជាតិទៅហើយ មិនត្រឹមតែប៉ុណ្ណោះពួកគេកំពុងតែសំឡឹងមើលឱកាសចូលរួមប្រកួតនៅព្រឹតិ្តការណ៍កីឡាអូឡាំពិកទៀតផង។
Translated by Thearo Nuch
កីឡាករឡើងជញ្ជាំងជាច្រើនរូបចម្រុះវ័យ មកពីទីតាំងផ្សេងៗនៃប្រទេសកម្ពុជា បានមកដល់ទីក្រុងភ្នំពេញកាលពីចុងសប្ដាហ៍ចុងក្រោយខែមិថុនា ដើម្បីចូលរួមការប្រកួតប្រចាំឆ្នាំលើកទី ៣ របស់កម្មវិធី Lotus Cup នៅ Phnom Climb។ កីឡាករចូលរួមជាង១០០នាក់ ក្នុងកម្មវិធីនេះបានប្រកួតប្រជែងដើម្បីយកពានរង្វាន់៣ខុសគ្នាគឺ ការឡើងជញ្ជាំងបែប Bouldering, Lead Climbing និង Speed Climbing៊។ អ្នកដែលឈ្នះនឹងត្រូវទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជាប្រចាំអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីខែវិច្ឆិកានេះ។ ចំណែកឯអ្នកឈ្នះក្រុមយុវជន នឹងត្រូវចូលរួមប្រកួតនៅប្រទេសចិន។
សម្រាប់កីឡាករវ័យកណ្ដាលដែលឈ្នះឆ្នាំនេះគឺ សរ សីហា និង យិន ពិសី ដែលបានក្លាយជាសមាជិកផ្លូវការនៃក្រុមតំណាងជាតិរួចទៅហើយ។ ពួកគេបានចូលរួមប្រកួតក្នុងកម្មវិធី Lotus Cup ជាមួយនឹងសមាជិកក្រុម ចូ ចាន់នី កាលពីឆ្នាំមុនផងដែរ នៅក្នុងកម្មវិធី Asian Championships នៅប្រទេសជប៉ុន។
“នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាមានឱកាសបានចូលរួម ប្រកួតក្នុងកម្មវិធីខ្នាតធំបែបនេះ។ ទោះបីជាពួកយើងមិនបានបញ្ចប់លក្ខខ័ណ្ឌនៃការប្រកួត ក៏ប៉ុន្តែយើងបានឡើងសឹងតែដល់កំពូលជញ្ជាំងទៅហើយ។” ចាន់នី រៀបរាប់ពីប្រកួតកាលពីឆ្នាំមុន។
“យើងជាអ្នកប្រកួតចុងក្រោយ ប៉ុន្តែមិនមែនចុងក្រោយបង្អស់ទេ ប៉ុន្ដែវាក៏ល្អដែរ។” ពិសី បន្ថែម។ “យើងបានយកឈ្នះអ្នកប្រកួតឡើងជញ្ជាំងខ្លះរបស់ហ្វីលីពីន។ ប៉ុន្តែយើងមិនអាចបញ្ចប់ការប្រកួតបាន ព្រោះជញ្ជាំងដែលយើងត្រូវឡើងវាពិបាកពេក។”
ប៉ុន្តែវាក៏បានផ្ដល់នូវបទពិសោធន៍ចំពោះអ្នកឡើងជញ្ជាំង ដែលនឹងចូលរួមប្រកួតថ្នាក់អន្តរជាតិនៅពេលខាងមុខ ក៏ដូចជាចំពោះការប្រកួតផ្សេងៗទៀត។ “ខ្ញុំទើបតែចាប់ផ្ដើមឡើងជញ្ជាំងអស់រយៈពេល៣ឆ្នាំ ដូច្នេះយើងមិនអាចប្រៀបធៀបក្រុមជម្រើសជាតិយើង នឹងក្រុមជប៉ុនដែលបានបង្កើតជាង ៤០ ទៅ ៥០ ឆ្នាំនោះទេ។ ចំពោះការប្រកួតខ្នាតធំនៃ Asian Championships យើងគ្រាន់តែសង្ឃឹមថា យើងនឹងធ្វើកាន់តែល្អជាងឆ្នាំមុន។” ពិសី រៀបរាប់ ហើយក៏បន្ថែមថា “ហើយយើងជួបជាមួយជើងឯកលំដាប់ពិភពលោកនៅទីនោះ។ ឃើញពួកគេឡើងជញ្ជាំងដោយផ្ទាល់គឺពិតជា ផ្ដល់ឲ្យការជំរុញទឹកចិត្តខ្លាំងណាស់។”
កីឡាឡើងជញ្ជាំងថ្មនេះ បានមកដល់កម្ពុជាកាលពីឆ្នាំ ២០០៨ ខណៈពេលដែលអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Angkor Climbers Net ចាប់ផ្ដើមបើកកន្លែងហាត់ប្រាណមួយនៅខេត្តសៀមរាប។ កីឡានេះត្រូវបានគេចាប់អារម្មណ៍គួរឲ្យកត់សម្គាល់នៅក្នុងស្រុក ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ជាពិសេសបន្ទាប់ពីការបង្កើត សហព័ន្ធកីឡាឡើងជញ្ជាំងនៅកម្ពុជា ដោយនាំទៅកាន់ការបង្កើតក្រុមជម្រើសជាតិកាលពី២ឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជម្រើសជាតិនេះក៏មានអ្នកឧបត្ថម្ភផ្លូវការផងដែរគឺក្រុមហ៊ុនជប៉ុន ដែលមានឈ្មោះថា Taica ដោយចំណាយថវិកាឲ្យក្រុមនេះចូលរួមការប្រកួតប្រជែងផ្សេងៗ។
“ពេលយើងបានចូលរួមការប្រកួតដណ្ដើមពាន Asian Championship នៅប្រទេសជប៉ុន ពួកយើងពិតជាសប្បាយរីករាយមែនទែន។ វាគឺជាលើកទី១ សម្រាប់កម្ពុជាក្នុងការចូលរួមការប្រកួតប្រជែងនេះ។” ជុំវិញអ្នកឧបត្ថម្ភ ចាន់នី និយាយថា “ទោះបីជាឈ្នះឬចាញ់ ពួកគេនៅតែសប្បាយចិត្ត ព្រោះពួកគេដឹងថា យ៉ាងហោចណាស់ក៏មានកីឡាករឡើងជញ្ជាំងនៅកម្ពុជាបានចូលរួម។”
“ក្នុងនាមជាសមាជិកក្រុមជម្រើសជាតិ ពិតជាបានជំរុញឲ្យខ្ញុំកាន់តែមានទឹកចិត្តក្នុងការឡើងជញ្ជាំងបន្តទៅទៀត ហើយក៏ល្អដែរដែលមានអ្នកប្រកួតប្រជែងជាមួយ។” ពិសី បញ្ជាក់។ “ព្រោះ ពេលនេះមានអ្នកឡើងជញ្ជាំងពូកែៗ ជាច្រើន អីចឹងវាកាន់តែជម្រុញទឹកចិត្តអ្នកខ្លាំងជាងមុន ក៏ដូចជាខំប្រឹងកាន់តែខ្លាំងឡើង ក្នុងការប្រកួតប្រជែងម្ដងៗ។”
ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្ដើមពីដំណាក់កាលដំបូងនៃកីឡានេះនៅក្នុងស្រុក មានន័យថាសមាជីកក្រុមជម្រើសជាតិកម្ពុជា នឹងមានឱកាសច្រើនក្នុងការចូលរួមប្រកួតប្រជែងផ្សេងៗទៀត ទូទាំងពិភពលោក។ ចំពោះការប្រកួតឆ្នាំមុនក្នុងកម្មវិធី Asian Championshipps, ពិសីបានបញ្ជាក់ថា “កីឡាករឡើងជញ្ជាំងសញ្ជាតិជប៉ុនទាំងនោះ សុទ្ធតែមានហ្វឹកហាត់តាំងពីអាយុ ៥ ៦ឆ្នាំមកម្ល៉េះ។ ពួកគេមានសម្ភារៈគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ ខណៈឯពួកយើងមិនមានអ្វីទាំងអស់ ដោយគ្រាន់តែមានជញ្ជាំង ហើយខិតខំរៀនឡើងដោយខ្លួនឯង។ នៅខេត្តសៀមរាប មានគ្រូបង្ហាត់ ២ ៣ រូបប៉ុន្តែពួកគេបង្ហាត់តែមួយថ្ងៃបុណ្ណោះក្នុងមួយអាទិត្យ។ បើនៅភ្នំពេញវិញ គឺគ្មានគ្រូបង្ហាត់តែម្ដង។”
ការដែលមានគ្រូបង្ហាត់ម្នាក់ គឺពិតជាសំខាន់ក្នុងការធ្វើឲ្យសមត្ថភាពកីឡាកររីកចម្រើន។ សីហា និយាយថា “ឥឡូវនេះយើងរៀនដោយខ្លួនឯងតែប៉ុណ្ណោះ។ យើងមិនមានគ្រូបង្ហាត់ទេ បើមានគឺវាពិតជាល្អ ដោយគ្រូបង្ហាត់នឹងជម្រុញឲ្យពួកយើងហាត់កាន់តែខ្លាំង។”
ប៉ុន្តែពួកគេក៏មិនអន់ចិត្តខ្លាំងដោយតែបញ្ហានេះដែរ អ្នកឡើងជញ្ជាំងទាំងនេះ ដឹងថាវាត្រូវការពេលវេលា ដើម្បីយកជ័យជម្នះក្នុងការប្រកួត Asian Championship ការប្រកួត World Cup ឬការប្រកួតអូឡាំពិក ខណ់ៈពេលដែលកីឡាឡើងជញ្ជាំងនេះនឹងបង្ហាញខ្លួនជាព្រឹត្តិការណ៍មួយនៅទីក្រុងតូក្យូឆ្នាំ ២០២០ ។ ពិសី ថ្លែងថា “វាគឺជំនាន់ដំបូងរបស់យើង ក្នុងការបង្ហាញពិភពលោកថា កីឡាឡើងជញ្ជាំងក៏មាននៅកម្ពុជាដែរ។ ដូច្នេះវាមិនសំខាន់ទេដែលយើងនឹងអាចយកឈ្នះគេបាន ព្រោះយើងអាចស្មានដឹងពីលទ្ធផលទៅហើយ។ យើងមិនអាចប្រកួតប្រជែងជាមួយអ្នកឡើងជញ្ជាំងទាំងនោះ ប៉ុន្តែវាពិតជាសំខាន់ក្នុងការបង្ហាញថាប្រទេសកម្ពុជាក៏មានវត្តមាននៅទីនោះ។”
នាងបន្ថែមថា “ប៉ុន្តែយើងមានសង្ឃឹមចំពោះកីឡាករជំនាន់ក្រោយ ដែលអាចយកឈ្នះពួកកីឡាករទាំងនោះបាន។”
ក្នុងរយៈពេល២ថ្ងៃនៃការប្រកួត Lotus Cup នឹងធ្វើទៅតាមច្បាប់ថ្មីនៃផ្នែកកីឡាឡើងជញ្ជាំង ប្រចាំអូឡាំពិក។ សម្រាប់ Bouldering និង Lead Climbing កីឡាករឡើងជញ្ជាំងនីមួយៗ មានរយៈពេល៤នាទី ក្នុងការឡើងឲ្យដល់ចំណុចកំពូល ហើយអ្នកដែលបានឡើងដល់ចំណុចកំពូលមុនគេ នឹងទទួលបានពិន្ទុច្រើនបំផុត។ ប៉ុន្តែអ្នកប្រកួតប្រជែង មិនអនុញ្ញាតិឲ្យសម្លឹងមើលគ្នាពេលកំពុងឡើងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេអាចសម្លឹងមើលកាលៈទេសៈស្ថានភាពនៃជញ្ជាំងដែលគេនឹងត្រូវឡើង។ សម្រាប់ Bouldering វិញ ពួកគេក៏បានអនុញ្ញាតិឲ្យស្ទាប តែចំណុចដំបូងតែប៉ុណ្ណោះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការរកផ្លូវឡើងដែលល្អជាងគេ។
“ហើយចំពោះអ្នកចូលរួមទស្សនាវិញ វាពិតជារំភើបមែនទែន ព្រោះពួកគេបានឃើញអ្នកឡើងពីមុន ឡើងដោយប្រើមធ្យោបាយផ្សេង ហើយអ្នកឡើងក្រោយនឹងប្រើវិទ្យាសាស្ត្រថ្មី។ ដូច្នេះវាពិតជាកីឡាមួយ ដែលសប្បាយភ្នែកក្នុងការទស្សនាយ៉ាងខ្លាំង។” នេះបើតាមលោក Edward Anderson ដែលជាអ្នករៀបចំកម្មវិធីឆ្នាំនេះ។
ការប្រកួតប្រជែងឆ្នាំនេះ គឺមានលក្ខណៈប្រផិតប្រផើយខ្លាំងចំពោះអ្នកឡើងជញ្ជាំងកំពូល។ សីហា និង ចាន់នី ដែលសុទ្ធតែឈ្នះក្នុងវិញ្ញាសាផ្សេងគ្នា ចំពោះផ្នែក Lead Climbing និង Bouldering។ ចំពោះឯបេក្ខភាពខាងនារីវិញ យប់ថ្ងៃ សៅរ៍ពិតជាយប់មួយសំខាន់សម្រាប់អ្នកទាំងពីរ ដោយ ពិសី និង មាស និច្ច សុទ្ធតែឈ្នះមួយវិញ្ញាសារម្នាក់ដូចគ្នា ប៉ុន្តែរកចាំលទ្ធផលនៃ ការឡើង Bouldering Round ដើម្បីកំណត់យកអ្នកឈ្នះពិតប្រាកដ ដោយជ័យលាភីបានទៅលើ ពិសី។
អ្នកចូលរួមប្រកួត ក៏បានបង្ហាញពីស្ថានភាពនៃកីឡាករជំនាន់ក្រោយផងដែរ ដោយក្នុងចំណោមអ្នកចូលរួម ១០២ រូប ៧០ភាគរយគឺសុទ្ធតែអ្នកមានវ័យក្រោម១៨ឆ្នាំ ហើយគ្រប់គ្នាសុទ្ធតែជាសញ្ជាតិខ្មែរ៕
