Karmalink (ជាតិក្រោយ) ភាពយន្តខ្នាតធំបែបវិទ្យាសាស្ត្រដំបូងគេនៅកម្ពុជា
ជាតិក្រោយជាស្នាដៃនិពន្ធរបស់ផលិតករភាពយន្តជនជាតិអាមេរិក Jake Watchel និងលោក Christopher Larsen។ ភាពយន្តនេះដែរក៏ទទួលបានការចូលរួមសហការផលិតពីផលិតកម្មក្នុងស្រុក 802 Films Production និងផលិតកម្ម Little Big Film។ ចូលរួមសម្ដែងពីតារាសម្ដែងល្បីឈ្មោះ អ្នកស្រី ស្វែង សុជាតា តារាសម្ដែងជនជាតិថៃលោក Sahajak Boonthanakit តារាសម្ដែងសញ្ជាតិថៃអាមេរិក Cindy Sirinya Bishop ព្រមទាំងតារាសម្ដែងវ័យក្មេង ប្រាក់ ឡេងហេង ជាអកុសល ឡេងហេង បានបាត់បង់ជីវិតដោយសារជម្ងឺកាលពីឆ្នាំ ២០២០ ពិតជាគួរឲ្យសោកស្ដាយ។
បើប្រៀបធៀបជាមួយនឹងភាពយន្តខ្មែរខ្នាតធំៗ ផ្សេងៗទៀតដែលបានផលិតនិងចាក់បញ្ចាំងថ្មីៗ ភាពយន្តនេះគឺខុសប្លែកទាំងស្រុងទាំងសាច់រឿង និង អត្ថន័យ ពោលគឺរូបមន្តនៃភាពយន្តដែលភាគច្រើនបានផលិតនិងដាក់បញ្ចាំងនៅក្នុងស្រុក។ ភាពយន្តខ្មែរភាគច្រើនគឺ ភាពយន្តបែបកំប្លែង មនោសញ្ជេតនា ឬភាពយន្តបែបរន្ធត់ ផលិតឡើងបែបងាយយល់ ងាយទស្សនា បែបលំហែរអារម្មណ៍ ខុសប្លែកពីភាពយន្ត “ជាតិក្រោយ”។ វាពិតជាសំខាន់ណាស់ ដែលវិស័យភាពយន្តនៅកម្ពុជាកាន់តែរីកចម្រើន ដោយយើងមានលទ្ធភាពក្នុងការផលិតភាពយន្តបែបប្លែក និងថ្មីៗជាជាងផលិតភាពយន្តមានលក្ខណៈដដែលៗ ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ។
ភាពយន្តដែលធ្វើឲ្យអ្នកទស្សនាគិត គឺជាបណ្ដាភាពយន្តដែលមិនសូវជាទទួលបានការគាំទ្រប៉ុន្មាននោះទេចំពោះទីផ្សារក្នុងស្រុង ដូច្នេះហើយ យើងគួរតែកែប្រែវប្បធម៌នៃការទស្សនាកុនក្នុងស្រុក ដើម្បីឲ្យមានរីកចម្រើន ក្នុងការផលិតភាពយន្តផ្សេងៗ ដែលយើងមិនធ្លាប់មានពីមុនមក។
“ជាតិក្រោយ” និយាយពីដំណើរផ្សងព្រេងរបស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលមានការចងចាំស្រពិចស្រពិល ពីជីវិតរបស់ខ្លួនកាលពីជាតិមុន ហើយខិតខំស្វែងរកការពន្យល់ និងចម្លើយពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ។ នេះគឺភាពយន្តបែបវិទ្យាសាស្រ្ត Sci-Fi ដំបូងគេនៅប្រទេសកម្ពុជា ដោយមានឈុតឆាកបង្ហាញពី ទីក្រុងភ្នំពេញមានភាពជឿនលឿននៅថ្ងៃអនាគត ក៏ប៉ុន្តែផ្ដោតសំខាន់ខ្លាំងទៅលើ បណ្ដាគ្រួសារក្រីក្រដែលមានលទ្ធភាពរស់នៅជាយខាងក្រៅក្រុងតែប៉ុណ្ណោះ ហើយពួកគេទទួលរងនូវផលប៉ះពាល់ជាច្រើនខណៈដែលទីក្រុងកាន់តែជឿនលឿននិងរីកចម្រើន។
ទោះបីជាភាពយន្តនេះគឺជាភាពយន្តបែបវិទ្យាសាស្ត្រ ប៉ុន្តែមូលន័យនៃសាច់រឿងទាំងមូលគឺ និយាយជាច្រើនជុំវិញជំនឿនៃទស្សនវិជ្ជាសាសនាព្រះពុទ្ធ ផ្ដោតសំខាន់ទៅលើ “កម្ម” កើត ចាស់ ឈឺស្លាប់ និងការត្រាស់ដឹង។ ចំពោះការរចនាផ្សេងៗ ពាក់ព័ន្ធនឹងអាគារខ្ពស់ៗ និងបរិយាកាសផ្សេងៗបង្ហាញពីទីក្រុងភ្នំពេញក្នុងថ្ងៃអនាគត គឺពិតជាឲ្យកោតសរសើរនិងគួរឲ្យចាប់អារម្មណ៍ ទោះបីជាថវិការក្នុងផលិតភាពយន្តនេះគឺមានកំណត់។
ការលាយបញ្ចូលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានៃអនាគតកាល បូករួមនឹងសាច់រឿងនិយាយអំពីប្រទេសកម្ពុជា ឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តផ្សេងៗ បង្ហាញឲ្យអ្នកទស្សនាក្រៅប្រទេសកាន់តែយល់ច្បាស់ ពីកម្ពុជាមួយកម្រិតទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះភាពយន្តនេះ គឺការសម្ដែងរបស់ ឡេងហេង និង ក្មេងស្រីដែលជាមិត្តភក្តិនៅក្នុងរឿងសម្ដែងដោយ ស្រីល័ក្ខ។ ពួកគេពិតជាសម្ដែងបានល្អ ជាហេតុធ្វើឲ្យអ្នកទស្សនាតាមដានពួកគេ យ៉ាងជក់ថាតើគេទាំងពីរអ្នកនេះ នឹងធ្វើអ្វីទៀតនៅពេលបន្ទាប់។
ពោរពេញទៅដោយការស្រលាញ់ មនោសញ្ចេតនាមិត្តភក្ដិ និងការជួយគ្នាទៅវិញទៅមក ដំណើរផ្សងព្រេងរបស់ពួកគេ ពិតជាធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍កក់ក្ដៅ។
“ជាតិក្រោយ” ក៏បង្ហាញអំពី មហជ្ឆតា របស់មនុស្ស ខណៈពេលដែលពួកគេ មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយខ្វះខាតក្នុងការពិចារណាថា អ្វីដែលពួកគេធ្វើគឺពិតជាត្រឹមត្រូវ និងមានភាពយុត្តិធម៌ សម្រាប់បណ្ដាអ្នកដែលពាក់ព័ន្ធ។
ភាពចង់ដឹងចង់យល់របស់មនុស្សគឺ ពេលខ្លះសឹងតែមិនមានការកំណត់ជាហេតុធ្វើឲ្យ ពួកគេមិនបានគិតនឹងខ្វាយខ្វល់ពីមធ្យោបាយនៃការស្វែងរកការពិត។
បើសិនជាអ្នកចងចាំនូវអ្វីៗសំខាន់ ដែលបានឆ្លងកាត់ពីជាតិមុន តើការចងចាំទាំងនេះអាចធ្វើឲ្យអ្នកខ្លាចរអារ ឬកាន់តែចង់ដឹងច្បាស់ពីជីវិតមួយនេះ ដែរឬទេ?
តើអ្នកសុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាង ក្នុងការដឹងច្បាស់ពីវដ្ដនៃការចាប់ជាតិជាច្រើនដងរបស់អ្នកដែរឬទេ?
ភាពយន្តនេះគឺប្រើប្រាស់ពីរភាសា ខ្មែរនិងអង់គ្លេស ដោយសារតែមានការចូលរួមសម្ដែងពីតារាសម្ដែងអន្តរជាតិ ២រូបផងដែរ។ នៅក្នុងសាច់រឿងនឹងមានអក្សរ Subtitles នៅក្នុងសាច់រឿងទាំងមូល ដែលទស្សនាអាចយល់ មិនថាជាអ្នកទស្សនាជាជនជាតិខ្មែរ ឬអន្តរជាតិ។

1 Comment