Connect with us

សិទ្ធិ​អ្នក​ស្រលាញ់ភេទដូចគ្នា​នៅ​កម្ពុជា​មាន​ការផ្លាស់ប្ដូរ​ច្រើន ភាសានិយាយ​គួរ​តែ​មាន​ការផ្លាស់ប្ដូរ​ដូចគ្នា

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

សិទ្ធិ​អ្នក​ស្រលាញ់ភេទដូចគ្នា​នៅ​កម្ពុជា​មាន​ការផ្លាស់ប្ដូរ​ច្រើន ភាសានិយាយ​គួរ​តែ​មាន​ការផ្លាស់ប្ដូរ​ដូចគ្នា

សិទ្ធិ​អ្នក​ស្រលាញ់ភេទដូចគ្នា​នៅ​កម្ពុជា​មាន​ការផ្លាស់ប្ដូរ​ច្រើន ភាសានិយាយ​គួរ​តែ​មាន​ការផ្លាស់ប្ដូរ​ដូចគ្នា

អស់រយៈជាច្រើនឆ្នាំ​កន្លង​មក​នេះ ការ​ស្រលាញ់ភេទដូចគ្នា​គឺ​ជាប្រធានបទ​មួយ​ដែល​តែ​ង​តែ​មាន​ការ​ផ្លាស់ប្ដូរ​មិន​ឈប់ឈរ​ ប៉ុន្តែ​អ្វីដែ​ល​សំខាន់​នោះ​គឺ​ពី​កម្រិត​នៃការ​ទទួល​ស្គាល់​ និង​យល់ព្រម​ពី​សំណាក់ប្រជាជនក្នុង​សង្គម​គឺ​មាន​លក្ខណៈល្អ​ប្រសើរ​ជាងមុន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ អ្នក​មិន​សូវ​បាន​ដឹង​ពី​ព័ត៌មាន​ពាក់ព័ន្ធ​ទាំង​នោះ​តាម​ទូរទស្សន៍​ឬ​វិទ្យុ​នោះឡើយ។

Read in English >>

អាកប្បកិរិយា​របស់​ប្រជាជនកម្ពុជា​ចំពោះ​អ្នក​នៅ​ក្នុង​សហគមន៍ LGBTQ+ គឺមាន​ភាព​ល្អ​ជាងមុន​ច្រើន​ យោងទៅតាម​ការ​ទទួល​ស្គាល់​និង​យោគយល់ ក្នុង​រយៈ​ពេល​ជាង៣០ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​ចំពោះការ​ប្រើ​ប្រាស់​ភាសានិយាយ​ឬ​សរសេរគឺ​នៅ​មាន​បញ្ហាខ្លះ​ៗ នៅ​ឡើយ។ 

ជាក់​ស្ដែងចំពោះ​ពាក្យថា “ភេទទី​បី” គឺនៅ​តែមាន​ការ​ប្រើប្រាស់​ជាច្រើន​នៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នៅ​ក្នុង​ស្រុក ដោយ​សារ​តែ​ពួក​គេ​មិន​ទាន់​ដឹង​ច្បាស់​ប្រាកដ​ថា ​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ​គឺ​មិនសម​ស្រប​និង​ធ្វើ​ឲ្យ​បណ្ដាអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មាន​អារម្មណ៍​អន់​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​នៅ​ឡើយ។ 

ពាក្យ​នេះ​ជា​ប្រយោល​បង្ហាញ​ថា​ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​មិនប្រក្រតី​ ពោល​គឺ​ស្រី​មិន​ស្រី​ប្រុស​មិន​ប្រុស​ ដែល​តាម​ពិត​ពួក​គេ​គឺក៏មិន​ខុស​ពី​មនុស្ស​ធម្មតា​នោះ​ទេ។

Fendi ជាអ្នក​សិល្បៈ​ Drag Queen ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ភ្នំពេញ​ប្រចាំ​ Blue Chili បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​នេះ​ថា ​“ពាក្យ ‘ភេទទី​បី’ គឺ​មិន​សូវ​ជា​ពាក្យ​ប្រាកដ​ ហើយមិន​ល្អសម្រាប់​ការ​ហៅ​មនុស្ស​ដែល​ស្រលាញ់​ភេទដូច​គ្នានោះ​ទេ​។ ចំពោះខ្ញុំ​ផ្ទាល់ ខ្ញុំ​ស្អប់ពេល​ដែល​គេ​ហៅខ្ញុំ​ថាជា​ជន​ ភេទទីបី។​“

ជាជាង​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ គ្រប់​គ្នា​គួរ​តែ​ប្រើ​ពាក្យ​ធម្មតា​និងសមគួរ​វិញ​គឺ “អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​” ជា​ភាសា​ខ្មែរ ដែល​ជា​ភាសា​អង់គ្លេស​គេ​ហៅ​ថា “person who loves the same sex”។

Fendi

មនុស្ស​ជា​ច្រើន​បាន​គិត​ថា មូលហេតុ​ដែល​គួរ​ឲ្យ​រើស​អើង​អ្នក​ស្រលាញ់​ភេទដូច​គ្នា នៅក្នុង​សង្គម​គឺដោយ​គិត​ថា​ ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់ថា​ដូច្នេះ។ នេះ​ជាមូលហេតុ​ធ្វើ​ឲ្យ​ឳពុក​ម្ដាយ​អ្នក​ដែល​មាន​ សភាព​បែប​នេះ​ខ្លះ ​បាន​ទៅ​រក​ព្រះ​សង្ឃ​ដើម្បី​ប្រោស​ព្រុំ ឬ​ក៏គ្រូ​ខ្មែរ​ដើម្បី​ព្យាបាល​ព្រោះ​គេ​គិត​ថាកូនខ្លួនអាច​នឹង​ត្រូវ​អំពើជា​ដើម។ តែ​តាម​ការ​ពិត​ព្រះ​ពុទ្ធ​សាសនា​មិន​មែន​បង្រៀន​អ្វី​ពាក់​ព័ន្ធ​នឹង​នេះ​ឡើយ។

​ច្បាស់​ណាស់ បើ​តាម​ភស្តុតាង​ពី​ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​ថា​ ការ​ស្រលាញ់​ភេទដូច​គ្នា​គឺ​មិន​មែន​ជា​អ្វី​ថ្មី​នោះ​ឡើយ ព្រោះ​ពួក​គេ​ធ្លាប់ជា​ផ្នែក​មួយ​នៃ​សង្គម​ខ្មែរ តាំង​ពី ៧០០​ឆ្នាំ​មុន​មក​ម្ល៉េះ។ បើ​យោង​ទៅ​តាម​អ្នក​ការទូត​ចិន លោក​ ជីវ តាក្វាន់ ដែល​ធ្លាប់​មកធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក​បាន​ថ្លែង​ថា ​“…​​ប្រទេស​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​មនុស្ស​ប្រុស​តែងខ្លួន​ជា​ស្រី​នៅ​តាម​ផ្សារ​ ម្ដង​ជា​ក្រុម​១០នាក់ ជួន​កាល​ច្រើន​ជាង​នេះ។ ពួក​គេ​ជានិច្ចកាល​តែង​តែ​ទាក់ទាញ​ភ្ញៀវ​ចិន​ដើម្បី​ ដោះ​ដូរ​របស់​របរ​ល្អ​ផ្សេងៗ។” មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​ចាប់​អារម្មណ៍អំពី​បណ្ដា​បុរស​តែង​ខ្លួន​ជា​ស្រី​នៅ​តំបន់​អង្គរ​ផង​ដែរ។ ​ 

របាយ​ការណ៍មួយ​​ពី​ឆ្នាំ ២០១៤ ចំណង​ជើង​ថា “Being LGBT in Asia: Cambodia Country Report” របស់អង្គការ UNDP និង USAID ​បាន​ដកស្រង់​ពីការ​សិក្សា​មួយ​អំពី “ទំនាក់ទំនងផ្លូវភេទ​រវាង​បុរសនិង​បុរស​នៅ​ប្រទេសកម្ពុជា​​” បង្ហាញ​ពី​បទពិសោធន៍និង​ទិន្នន័យផ្សេងៗពាក់ព័ន្ធ​ តាំង​ពី​អំឡុង​​ទស្សវត្ស​ទី ៥០ រហូត​ដល់​រយៈពេល​ក្រោយ​មក​ទៀត។ តាម​ការរាយការណ៍ពី UNDP បាន​ដោយ​ដឹង​ថា “កាសែតក្នុង​ស្រុក​ជា​ភាសាអង់គ្លេស​នៅ​ប្រទេសកម្ពុជា បានចុះ​ផ្សាយ​ពី​ការ​ប្រទះ​ឃើញ​​បុរស​តែង​ខ្លួន​ជា​ស្រី នៅ​តាម​ជាយ​ដាច់​ស្រយាល​ប្រទេសកម្ពុជា​តាំង​ពី​អំឡុង​ទស្សវត្ស​ទី ៥០​ និង ៧០។ ទោះ​បី​ជា​ប្រវត្តិសាស្រ្ត​ទាំង​នោះ​​មិន​មានទិន្នន័យ​គ្រប់ជ្រុងជ្រោយ វាក៏បង្ហាញ​ថា​ការ​កំណត់​ភេទ​និង​យេនឌ័រ​ ព្រម​ទាំង​ភាព​ខុស​គ្នាផ្សេងៗ​នៃ​ទំនាក់ទំនង​ផ្លូវភេទ​គឺ​មាន​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ ដែល​នេះ​មិន​មែន​​ជា​ការ​ឆ្លង​ ឬ​យក​មក​ពី​លោក​ខាង​លិច​នោះ​ឡើយ។”

ក៏ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ ភស្តុតាង​ទាក់​ទង​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញស្ទើរ​ទាំង​ស្រុង​ អំឡុង​សម័យ​កាល​ប្រល័យ​ពូជសាសន៍​ រួម​នឹង​អ្នក​ចេះ​ដឹង​ជា​ច្រើន​ដែល​រួម​ចំណែក​ក្នុង​ការ​សរសេរ​និង​រក្សាឯកសារ​ប្រវត្តិសាស្រ្ត​និងអក្សរសិល្ប៍។ ​

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍ កា​រសិក្សា​ពាក់ព័ន្ធ​នឹងក្រុម​បុរសរួម​ភេទ​ជាមួយ​បុរស ព្រម​ទាំង​សហគមន៍​ស្រលាញ់​ភេទ​ដូច​គ្នា​ដែលទទួល​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​និង​សិក្សា​ឡើង​វិញ។​

នៅ​ឆ្នាំ ២០០៤ អតីត​ព្រះមហាក្សត្រ​ ព្រះ​បាទនរោត្តម​ សីហនុ បាន​បង្ហាញ​ពី​ការ​យល់​ស្រប​របស់​ទ្រង់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​រៀប​អាពាពិពារណ៍ស្របច្បាប់សម្រាប់អ្នក​ស្រលាញ់​ភេទដូច​គ្នា តាម​រយៈការ​ចុះ​ផ្សាយ​របស់​កាសែត​អង់គ្លេស​ BBC នៅ​ពេល​នោះ។ ​“អតីត-ព្រះ​មហាក្សត្របាន​មាន​ព្រះបន្ទូល​ថា ‘ដោយ​ជា​​ប្រទេស​ប្រកប​នយោបាយ​សេរីមួយ’ កម្ពុជា​គួរ​តែយល់​ស្រប​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​រៀបការ​ស្របច្បាប់ រវាង​បុរស​និង​បុរស ឬ ស្ដ្រីនិង​ស្ដ្រី ព្រោះ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ខុសៗគ្នា។…ហើយបណ្ដា​បុរស​ដែល​តែង​ខ្លួន​ជា​ស្រី​​គួរ​តែ​ទទួល​បាន​ការ​យល់ស្រប គោរពនិង​ផ្ដល់​តម្លៃ​នៅ​សហគមន៍​ទូទាំង​ប្រទេស​របស់​យើង។​”

ការ​ប្រកាស​របស់​ទ្រង់​បាន​ក្លាយ​ជា​សារ​វិជ្ជមាន​មួយ​នៅ​ពេល​នោះ ដែល​ប្រទេសកម្ពុជា​ជា​ពិសេស​នៅ​បណ្ដា​ទីប្រជុំជន​និង​ទីក្រុងដូច​ជា​ ភ្នំពេញ​និង​សៀម​រាប បាន​ប្រែក្លាយ​ទៅ​ជា​ទី​កន្លែង​ មាន​ការ​ទទួល​ស្គាល់​ច្រើន​ទៅកាន់​អ្នក​ស្រលាញ់ភេទ​ដូច​គ្នា។ កម្ពុជា​បាន​ចាប់​ផ្ដើម​ព្រឹត្តិការណ៍ ​​“Pride” អបអរអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ចាប់​ពី​ពេល​នោះ​មក ហើយ​អង្គការសិទ្ធិមនុស្ស​និង​ការ​ពារ​អ្នក​នៅ​ក្នុង​សហគមន៍​នេះ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជាពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។ ​​

លោក Jason Argenta នាយក​ប្រតិបត្តិ​នៃ​អង្គការ​ កន្លែង​ដែល​អ្នក​អាចជា​ខ្លួន​ឯង (APTBY) នៅ​ សៀមរាប ជា​កន្លែង​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ LGBTQ+ ក៏ដូច​ជា​ផ្ដល់​ការ​សិក្សា​ផ្សេងៗ​ បាន​កំណត់​សម្គាល់​ពី​ការ​ផ្លាស់ប្ដូរ​ខ្លះៗ គួរឲ្យកត់សម្គាល់​ទោះ​​បី​ជា​លោក​ទើប​តែ​ចាប់​ផ្ដើម​បើក​ទីតាំង​នេះកាល​ពី​ឆ្នាំ ២០១៧។ “បើនិយាយ​តាម​ត្រង់ ខ្ញុំគិត​ថា​មនុស្ស​ភាគច្រើន​បាន​បើក​អារម្មណ៍​ទៅកាន់​អ្នក​ស្រលាញ់​ភេទដូច​គ្នា​ ជា​ពិសេស​អ្នក​ដែល​មិន​សូវ​ជា​មាន​ការ​កត់សម្គាល់​ច្រើន​ជុំវិញ​កំណត់​សម្គាល់យេនឌ័រ​ខ្លួន។ ជាក់​ស្ដែង​បណ្ដា​បុរសអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ដែល​មើល​ទៅ​រឹង​មាំ​គឺ​មិន​សូវ​ជា​មាន​បញ្ហា​នោះ​ឡើយ ប៉ុន្តែ​បណ្ដា​បុរស​ដែល​មាន​ភាព​ទន់​ជ្រាយ​ គឺ​នៅ​មាន​ការ​ប៉ះ​ពាល់​ខ្លះ​​ៗ​។” លោក​បាន​កត់​សម្គាល់ទៀត​ថា ការ​សិក្សា​និង​ការ​ផ្ដល់​ចំណេះ​ដឹង​ផ្សេង​​ៗ ជុំវិញ​បញ្ហា​ផ្លូវភេទបាន​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​អំពី​ហិង្សារ​ឬ​ប៉ះពាល់ទៅកាន់​បណ្ដា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​រស់​នៅ​ដោយ​បើក​សេរី​ថា​ជា​អ្នកស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​គឺ​មិន​ទាន់​មាន​ភាព​ងាយ​ស្រួល​ទាំង​ស្រុង​នៅ​ឡើយ។ ជន​​ដែលរស់​នៅ​ទី​ក្រុង​គឺ​មាន​​​​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ស្គាល់​នឹង​ឲ្យ​តម្លៃ​ ជាជាង​អ្នក​ដែល​រស់​នៅ​តាម​ខេត្ត​ឬ​ស្រុក​ស្រែ​ឆ្ងាយៗ។ អ្នក​ដែលជា​សមាជិក​ LGBTQ+ ខ្លះ នៅ​ត្រូវ​បង្ខំ​ខ្លួន​រស់​នៅ​ដោយ​មិន​ប្រកាស​ប្រាប់​ពី​អារម្មណ៍ភេទ​របស់​ខ្លួន ជួន​កាល​ត្រូវ​បង្ខំ​ចិត្ត​រៀបការ​ជាមួយ​អ្នក​មាន​ភេទ​ផ្ទុយ​គ្នា ដើម្បីបង្គាប់​ចិត្ត​របស់​គ្រួសារ​ទៀត​ផង។ ​​​ ​

អារម្មណ៍​និង​អកប្បកិរិយា​ស្រដៀង​នេះ​ក៏​នៅ​តែ​មាន​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ និង​ការក​ម្សាន្ត​សិល្បៈ​ប្រជាប្រិយ​​ផ្សេងៗជាដើម។ ពាក្យថា​ ‘ភេទទី៣’ មិន​ត្រឹមតែ​ ត្រូវ​គេ​ប្រើ​ប្រាស់​តាម​បណ្ដា​ព័ត៌មានផ្សេងៗ នោះ​ទេ ជាក់​ស្ដែង​នៅ​ក្នុង​ភាពយន្ត​ខ្មែរខ្លះ​ តួអង្គ​ដែល​ស្រលាញ់ភេទដូចគ្នា ឬ​ប្រុស​តែ​ខ្លួន​ធ្វើ​ស្រី តែង​តែត្រូវ​គេ​យក​ធ្វើ​ជា​តួអង្គ​កំប្លែង​ លេង​សើច និង​មិន​សូវ​ត្រូវ​គេ​យក​ចិត្ត​ទុកដាក់​នោះទេ។ 

សម្រាប់​សិល្បៈ​ករ​ដែល​បានបើក​ចំហរ​ទាំង​ស្រុង​ទាំង​ម្ដង​ចំពោះ​ ការ​បង្ហាញ​សិល្បៈពាក់ព័ន្ធ​នៃ​ការ​ស្រលាញ់​ភេទដូច​គ្នា Fendi បញ្ជាក់​ថា​បញ្ហា​នេះ​គឺពេល​ខ្លះ​ពិត​ជា​ពិបាកយល់និង​គួរ​ឲ្យ​ឈឺក្បាល។ “ក្នុង​នាម​ជា​អ្នក​សិល្បៈ​បែប Queer មួយ​រូប (Queer=សំដៅ​​ទៅ​លើ​ការមិន​កំណត់​សម្គាល់​ជាក់លាក់​មិន​ថាប្រុស​ឬ​ស្រី) ព្រម​ទាំ​ង​ជា​ Drag Queen មួយ​រូប​ ខ្ញុំចង់​ឲ្យ​មហាជន​ទាំង​អស់​​ពេញ​ចិត្ត​សិល្បៈ​​របស់​ខ្ញុំ​ ដែល​កើត​ឡើង​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​និង​គំនិតច្នៃប្រឌិត​ផ្សេងៗ ដាក់​បញ្ចូលក្នុងការ​សម្ដែងគ្រប់​ពេល។ ជា​ពិសេសនោះគឺ​​ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​ស្គាល់កាន់​តែ​ច្បាស់​ថាតើ អ្វី​ជា Lady boy, Trans, និង Drag Queen ព្រោះពាក្យ​ទាំងនេះគឺ​ខុស​គ្នា​ទាំង​ស្រុង។ ខ្ញុំ​ចង់​ពួក​សិល្បៈ​ drag queen នេះ​កាន់​តែ​ល្បី​និង​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ផង​ដែរ។ ”​

សារ​មួយ​ដែល​ Fendi ផ្ដល់​ទៅកាន់​អ្នក​ដែល​ចូល​ចិត្ត​សិល្បៈ​របស់​ខ្លួន​ គឺ​  ​“ពេល​ខ្លះ​បើ​សិន​ជា​អ្នក​ចូលរួម​ទស្សនា​បាន​ផ្ដល់​ធីប ទៅ​កាន់បណ្ដា​អ្នក​សិល្បៈ​ Drag Artists គឺ​កាន់​តែ​ល្អ​ ព្រោះ​​បង្ហាញ​ថា​ អ្នក​គាំទ្រនិង​ផ្ដល់តម្លៃដល់​ពួក​គាត់។”

ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់ Lady boy គឺ​ជា​ពាក្យ​ដែល​មិន​ល្អ​ទាល់​តែ​សោះ​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​ពាក្យ​នេះ​គឺ​បណ្ដុះបង្អាប់​មនុស្ស​ប្រុសដែល​តែង​ខ្លួន​ជា​ស្រី ស្រ​ដៀង​និង​ពាក្យ​ថា ខ្ទើយ ពេល​ខ្លះ​ពួក​គេ​គឺ​មាន​អត្តចរិត​ដូច​ជា​ស្រី​សឹង​តែ​ទាំង​ស្រុង​តែ​ម្ដង។ ចំពោះ​ Trans វិញ​គឺ​សម្រាប់​បុរស​ឬ​ស្រី្ដ​ទាំង​ឡាយ​ណា ដែល​សម្រេច​ចិត្ត​ប្ដូរ​ភេទ ទោះ​ជា​វះកាត់​ឬ​មិន​វះកាត់ ដោយ​សារ​ពួក​គេ​គិត​ថា ខ្លួន​មិន​ចូល​ចិត្ត​ភេទ​ដែល​មាន​មក​ពី​កំណើត។ សម្រាប់ Drag Queen គឺ​សម្ដៅ​ទៅ​លើ​​អ្នក​សិល្បៈ​ប្រុស​តែង​ខ្លួន​ជា​ស្រី ឬ​ពេល​ខ្លះ​ស្រី​តែង​ខ្លួន​បែប​ប្លែក​ផ្សេងៗ គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ដើម្បី​សម្ដែង​បង្ហាញ​ពី​លក្ខណៈ​ទន់​ភ្លន់​ឬ​សិចស៊ី ក្នុង​គោល​បំណង​ដើម្បី​កម្សាន្ត​អារម្មណ៍អ្នក​ទស្សនា។ ​​

ដូច្នេះ​ហើយ​ដូច​ដែល​បាន​រៀប​រាប់​ពាក្យ​ថា “lady boy“, “ខ្ទើយ“ ធ្លាប់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​តាម​បណ្ដា​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​​នៅ​កម្ពុជា​ រហូត​ដល់​ពេល​នេះ​គឺ​មិន​សូវ​មាន​អ្នក​ប្រើ​ប្រាស់​ទៀត​ឡើយ​ ដោយ​សារ​តែ​មាន​ការ​យល់​ឃើញ​ថា​វាមាន​មិនសម​ស្រប។ នេះបង្ហាញ​ថា​ទៅ​ថ្ងៃ​អនាគត​ពាក្យ​ថា “ភេទ​ទី​បី“ គួរតែ​ត្រូវ​ឈប់​ប្រើ​ប្រាស់​ដូច​គ្នា។  

ចំពោះ​ពេល​នេះ ប្រជាជន​កម្ពុជា​បាន​ប្រារព្ធកម្មវិធី​ខែ​នៃ​ក្ដី​ស្រលាញ់ (Pride Month) ជា​រៀងរាល់​ខែ មិថុនា។ នៅ​សៀម​រាប​និងភ្នំពេញ​ តែង​តែ​មាន​សកម្មភាព​ផ្សេងៗ ធ្វើ​ឡើង​ដើម្បី​អបអរ​ ដោយ​មិន​ខ្វល់​ពី​ការ​បៀត​បៀន ដូច​ជា​ការ​ប្រណាំង​តុកតុកយ៉ាងសប្បាយរីករាយ ​មាន​ដោយ​​គ្រឿង​តុបតែង​ផ្សេងៗ ព្រម​ទាំង​ទង់​ជាតិ​ឥន្ឋនូ​បង្ហោះ​ព្រោងព្រាត។ ដូច្នេះ​សង្ឃឹម​ថា​ក្នុង​ថ្ងៃណា​មួយ​ គ្រប់ទីកន្លែងទូទាំង​ពិភពលោក​នឹង​​លែង​មាន​ការ​បៀតបៀន​ឬ​បំបិត​សិទ្ធ​សម្រាប់អ្នក​ស្រលាញ់​ភេទដូច​គ្នា៕

 

Click to comment

Leave a Reply

More in អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top